តេឡេស្កុបយក្សរបស់ចិនមានឈ្មោះកាត់ថា FAST ដែលជាតេឡេស្កុបធំជាងគេក្នុងលោក បានសម្គាល់អត្តសញ្ញាណ Pulsar ថ្មីចំនួន ៩៣ មកហើយ ចាប់តាំងពីខែតុលា ឆ្នាំ ២០១៧ រួចមក។ នេះបើតាមការប្រកាសរបស់ក្រុមស្រាវជ្រាវកាលពីចុងខែសីហា។
Pulsar គឺជាដែនម៉ាញេទិចខ្ពស់មួយ ស្ថិតនៅជុំវិញផ្កាយណឺត្រុង ដែលវាបញ្ចេញនូវរលកសញ្ញាអេឡិចត្រូម៉ាញេទិចវិទ្យុសកម្មចំនួន ២។ ចាប់តាំងពីការរាយការណ៍ថា FAST រកឃើញ Pulsar ជាលើកដំបូងនៅខែតុលា ឆ្នាំ ២០១៧ មក តេឡេស្កុបនេះបានចាប់សញ្ញា Pulsar ចំនួន ១៣២ ហើយមានចំនួន ៩៣ បានបញ្ជាក់អំពីអត្តសញ្ញាណរួចរាល់។
Zhu Wenbai អ្នកស្រាវជ្រាវជាមួយអ្នកអង្កេតការណ៍តារាសាស្ត្រជាតិ បាននិយាយថាចាប់តាំងពីមានការរកឃើញ Pulsar លើកដំបូងដោយមនុស្សជាតិនៅឆ្នាំ ១៩៦៧ មក ពិភពលោកបានរកឃើញ Pulsar និងកំណត់អត្តសញ្ញាណរបស់វាបានប្រមាណ ៣ ០០០។
ការស្វែងរក Pulsar ជាការងារសំខាន់មួយរបស់ FAST ដែលគេអាចប្រើប្រាស់វាដើម្បីបញ្ជាក់អំពីវត្តមានទំនាញវិទ្យុសកម្ម និងរន្ធខ្មៅ (Black Hole) ហើយជួយដោះស្រាយសំនួរសំខាន់ៗជាច្រើនក្នុងផ្នែករូបសាស្ត្រ។FAST មានទីតាំងស្ថិតនៅភាគខាងត្បូងខេត្ត Guizhou ប្រទេសចិន ដែលវាបានសាកល្បងដំណើរការនៅខែកញ្ញា ២០១៦។ FAST ក៏មានតួនាទីក្នុងការស្វែងរកម៉ូលេគុលក្រៅភព និងទំនាក់ទំនង/សញ្ញាក្រៅភពផងដែរ៕