ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច បានក្លាយជាធាតុសំខាន់នៃជីវិតប្រចាំថ្ងៃរបស់មនុស្សទៅហើយក្នុងពេលបច្ចុប្បន្ន។ ជាពិសេស ឧបករណ៍មួយចំនួនដូចជា នាឡិកាដៃវៃឆ្លាត និង សេនស័រវាស់ចង្វាក់បេះដូងនៅលើទូរសព្ទមួយចំនួន បានភ្ជាប់មកជាមួយមុខងារតាមដានលើបញ្ហសុខភាពរបស់អ្នកប្រើប្រាស់បានមួយផ្នែកផងដែរ រួមមាន ការវាស់កម្រិតជីបចរ ការតាមដានទម្លាប់នៃគេងរបស់យើង និងជំហានដើរជាដើម។ ក្នុងនោះ នៅរដ្ឋ វ៉ាស៊ីនតោន ក្នុងសហរដ្ឋអាមេរិចឯណោះ បុរសចំណាស់ម្នាក់ត្រូវបានជួយសង្គ្រោះដោយ Apple Watch Series 4 នៅក្នុងហេតុការដួលកង់ ខណៈពេលដែលគាត់នៅតាមផ្លូវទៅជួបក្រុមគ្រួសារ ដើម្បីជិះកង់កំសាន្តជាលក្ខណៈគ្រួសារ នៅថ្ងៃឈប់សម្រាក។ តែជាអកុសល គាត់ត្រូវបានដួលបោកក្បាល រួចក៏សន្លប់បាត់ស្មារតីបន្ទាប់ពីនោះ។
ក្នុងពេលភ្លាមៗនោះមុខងារ “Fall Detection” ឬប្រែថា “សម្គាល់ការដួលដោយចៃដន្យ” នៅលើ Apple Watch Series 4 បានធ្វើការផ្ញើរសារជាដំណឹងដល់កូនប្រុសរបស់គាត់ និង ឡានសង្គ្រោះបន្ទាន់ 911 អមជាមួយនឹង ទីតាំងផ្ទាល់ដែលគាត់កំពុងស្ថិតនៅដោយស្វ័យប្រវត្តិ។ មិនយូរប៉ុន្មាន ឡានសង្គ្រោះក៏បានមកដល់ និងបញ្ជូនគាត់ទៅដល់មន្ទីពេទ្យ ដោយសុវត្ថិភាពប្រមាណជាមួយម៉ោងក្រោយបន្ទាប់ពីនោះ។ បន្ទាប់ពីការ ស្កេនឆ្អឹង និង X-Ray រួចមក អ្នកជម្ងឺបានត្រលប់មកស្ថានភាពធម្មតាវិញ ដោយគ្រាន់តែមានរបួសតូចមួយនៅចិញ្ចើម និងការឈឺចាប់នៅលើរាងកាយបន្តិចបន្តួចប៉ុណ្ណោះ។
មុខងារនោះធ្វើការបានយ៉ាងឆ្លាតវៃជាទីបំផុត ក្នុងការជួយផ្តល់ដំណឹងទៅកាន់លេខទំនាក់ទំនងណាមួយដែលយើងបានកំណត់ទុករួចជាស្រេច។ ដោយបន្ទាប់ពីសម្គាល់បានការដួលភ្លាម វានឹងលោតផ្ទាំងមួយសួរដល់អ្នកប្រើប្រាស់ ដើម្បីដឹងថាម្ចាស់របស់វាបាត់បង់ស្មារតី ឬសន្លប់ដែរឬទេ។ ប្រសិនបើក្នុងរយៈពេលមួយនាទីបន្ទាប់ វាមិនទទួលបានការឆ្លើយតប ឬប៉ះបញ្ជាណាមួយពីអ្នកប្រើប្រាស់នោះទេ នាឡិកាដៃនេះ នឹងចាប់ផ្តើមញ័រ ក៏ដូចជាបន្លឺសម្លេង និងផ្ញើរសារទៅកាន់លេខឡានពេទ្យ ក៏ដូចជាលេខទំនាក់ទំនងដែលអ្នកប្រើប្រាស់បានកំណត់ទុក។
គួបញ្ជាក់ផងដែរថា មុខងារ “Fall Detection” នេះនឹងបើកដំណើរការរួចជាស្រេច សម្រាប់អ្នកប្រើប្រាស់ចាប់ពីអាយុ 65 ឆ្នាំឡើងទៅ។ យើងក៏អាចបើកដំណើរការវាបានដោយខ្លួនឯងបានដែរ តាមរយៈ Setting នៃកម្មវិធី Watch នៅលើ iPhone។ ទោះជាយ៉ាងណា Apple ក៏បានបញ្ជាក់ថា សេនស័ររបស់ខ្លួនមិនអាចចាប់សម្គាល់គ្រប់ការដួលទាំងអស់បានទេ តែតាមរយៈករណីនេះយើងអាចដឹងបានថា វាមានសមត្ថភាពអាចអោយយើងទុកចិត្តបានរួចទៅហើយ។
