Huawei នឹងចំណាយលុយ 1 ពាន់​លាន​ដុល្លារ ដើម្បី​ទាក់​ទាញ​អ្នក​អភិវឌ្ឍ​កម្មវិធី​ឲ្យ​បង្កើត​កម្មវិធី​សម្រាប់​ស្មាតហ្វូន​របស់​ខ្លួន

0

នៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនត្រកូល Mate ជំនាន់ចុងក្រោយ និងផលិតផលថ្មីៗរបស់ខ្លួន ទៅឲ្យមហាជនបាន ឃើញពីរូបរាង និងលក្ខណៈសម្បត្តិរបស់ពួកវា។ ក្នុងនោះ Huawei Mate 30 និង Mate 30 Pro គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលថ្មីៗ ដទៃទៀត ដែលធ្វើ ឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមូលហេតុនោះ ក៏ដោយសារតែពួកវាបានបំពាក់មកជាមួយ លក្ខណៈ សម្បត្តិ និងមុខងារពិសេសៗជាច្រើន។  ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ Huawei Mate 30 និង Mate 30 Pro មិនបានភ្ជាប់មកជាមកជាមួយ Google Service នោះទេ បើទោះបីជាពួកវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ក៏ដោយ។

ចំពោះមូលហេតុដែល Huawei Mate 30 និង Mate 30 Pro  មិនបានភ្ជាប់មកជាមួយ Google Services នោះ គឺព្រោះតែបញ្ហា សង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន មិនទាន់ត្រូវបានដោះស្រាយ ហេតុដូច្នេះហើយក្រុមហ៊ុនរបស់អាមេរិក មិនអាចធ្វើជំនួញជាមួយក្រុមហ៊ុនចិននោះទេ។ អញ្ចឹងមានន័យថា ក្រុមហ៊ុន Huawei នឹងជួបបញ្ហាក្នុងការចេញលក់ Huawei Mate 30 និង Mate 30 Pro ទៅកាន់ក្នុងទីផ្សារអឺរ៉ុប បើទោះបីជាពួកវាមានលក្ខណៈសម្បត្តិ និងមុខងារពិសេសៗយ៉ាងណាក៏ដោយ។ ជុំវិញរឿងរ៉ាវនេះដែរ យើងក៏ទើបតែទទួលបានព័ត៌មានមួយដែលដកស្រង់ចេញពីពាក្យសំដីរបស់នាយកប្រតិបត្តិ របស់ Huawei គឺ លោក Richard Yu ដែលបានបញ្ជាក់ទៅកាន់ភ្នាក់ងារសារព័ត៌មានថា ក្រុមហ៊ុន Huawei នឹងធ្វើការចំណាយលុយ 1 ពាន់លាន ដុល្លារ ដើម្បីលើកទឹកចិត្តទៅដល់អ្នកអភិវដ្ឍកម្មវិធីទាំងអស់ ឲ្យងាកមកជួយធ្វើការបង្កើតកម្មវិធីសម្រាប់ស្មាតហ្វូនរបស់ Huawei សម្រាប់នាំចេញទៅកាន់ទីផ្សារស្រុកក្រៅ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺក្រុមហ៊ុន Huawei នឹងធ្វើការផ្តល់ប្រាក់ចំណូល ទៅឲ្យអ្នកបង្កើតកម្មវិធីទាំងនោះ រហូតដល់ 85% ឯណោះ ខណៈពេលដែលក្រុមហ៊ុន Google និង Apple ផ្តល់ឲ្យតែ 70% ប៉ុណ្ណោះ។

ជាចុងក្រោយ លោក Richard Yu ក៏បាននិយាយថា ពួកយើងត្រូវបង្ខំចិត្តឲ្យធ្វើបែបនេះ។ ពួកយើងមានទំនាក់ទំនងល្អជាមួយ ក្រុមហ៊ុន Google ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ខំយើងឲ្យធ្វើរឿងនេះឡើង ហើយពួកយើងក៏គ្មានជម្រើសនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here