លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្ត្រាលី បានបង្ហាញនូវទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ សម្រាប់ការវិនិយោគនៅក្នុងបច្ចេកវិទ្យាជួយគាំទ្រអង្គការ NASA ឆ្ពោះទៅភពព្រះចន្ទ និងភពអង្គារ។ លោកបញ្ជាក់ដូច្នេះក្នុងអំឡុងទស្សនកិច្ចនៅអង្គការអវកាសនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ។
លោកបន្ថែមថា ភ្នាក់ងារអវកាសអូស្ត្រាលី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ NASA ដើម្បីកំណត់ថាតើពួកគេអាចជួយគាំទ្រដ៏ល្អបំផុតនូវបេសកកម្មនេះយ៉ាងណាខ្លះ បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីការពង្រីកកិច្ចសហប្រតិបត្តិការ។
ក្នុងជំនួបគ្នាមួយកាលពីថ្ងៃទី២០កញ្ញា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក Scott Morrison ក៏បានពិភាក្សាគ្នាផងដែរអំពីការធ្វើការរួមគ្នាដើម្បីអភិវឌ្ឍកម្មវិធីអវកាស ដោយលោកត្រាំថ្លែងថា «យើងកំពុងធ្វើកម្មវិធីដ៏អស្ចារ្យមួយ»។ក្រោយជំនួបនេះ លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ភពព្រះចន្ទ ពុំមែនជាភពដ៏គួរឱ្យរំភើបទៀតឡើយ ពោលគឺលោកសំដៅថា បេសកកម្មបន្ទាប់គឺជាភពអង្គារ មិនមែនភពព្រះចន្ទនោះទេ៕
