នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៧២ អាប៉ូឡូទី ១៧ បានធ្វើដំណើរត្រឡប់មកផែនដីវិញ ក្រោយពីបានចំណាយពេល ៨ ថ្ងៃចុះចតលើឋានព្រះចន្ទ។ វាជាបេសកកម្មហោះទៅឋានព្រះចន្ទដោយជោគជ័យលើទី ៦ ហើយក៏ជាបេសកកម្មចុងក្រោយបង្អស់ដែរ។ អស់រយៈពេលជាង ៤០ ឆ្នាំ ក្រុមការងារនៃអាប៉ូឡូទី ១៧ នៅតែជាមនុស្សលោកចុងក្រោយដែលបានជាន់លើឋានព្រះចន្ទ។ ព្រោះមូលហេតុអ្វីទើប NASA មិនត្រឡប់ទៅឋានព្រះចន្ទម្ដងទៀត?
Ian Stephens អ្នកសរសេរ និងជាអ្នកនិពន្ធនៃវិបសាយ UFO Insight ជឿថាការមិនត្រឡប់ទៅឋានព្រះចន្ទរបស់ NASA ដោយសារតែឋានព្រះចន្ទត្រូវបានកាន់កាប់ដោយមនុស្សភពផ្កាយ (អេលាន)។ ផ្អែកតាម Ian Stephens អេលានបានតាំងអាណានិគមលើផ្នែកងងឹតនៃឋានព្រះចន្ទ ដោយពួកគេបានត្រួតពិនិត្យភពផែនដីជាប់ជានិច្ច។
Stephens បានសរសេរថា ៖ “NASA សម្រេចចិត្តថា វិធីល្អបំផុតដើម្បីដោះស្រាយរឿងនេះ គឺច្រានចោលវត្តមានមនុស្សភពផ្កាយ”។ ការអះអាងនេះ មានការបញ្ជាក់ពី Donna Hare អតីតបុគ្គលិក NASA ដែលធ្វើការខាងផ្នែករូបភាព (Photo Lab) នៅដើមទសវត្សឆ្នាំ ១៩៧០។
Hare បានបង្ហាញថា មានបុគ្គលិកជាន់ខ្ពស់ ធ្លាប់ចែករំលែករឿងរ៉ាវអាថ៌កំបាំងជាមួយនាង។ ក្នុងនោះមានរឿងដែលទាក់ទងនឹងអវកាសយានិកពីបេសកកម្មឋានព្រះចន្ទមួយ បានប្រទះឃើញយានមនុស្សភពផ្កាយ (UFO) ចំនួន ៣ ពេលពួកគេទៅដល់ឋានព្រះចន្ទ។
អតីតបុគ្គលិកម្នាក់ទៀតឈ្មោះ Karl Wolfe អះអាងថា ពេលកំពុងធ្វើការលើគម្រោងការ Lunar Orbiter នៅឆ្នាំ ១៩៦៥ គាត់បានប្រទះឃើញរូបថតភស្តុតាងអំពីមូលដ្ឋានរបស់មនុស្សភពផ្កាយលើឋានព្រះចន្ទ។ Wolfe និយាយថា រូបភាពមានបង្ហាញអំពីអគារមានរាងដូចផ្សិត, អគាររាងស្វ៊ែរ និងអគារដែលសង់ដោយមនុស្សភពផ្កាយ ដែល NASA សម្រេចលាក់បាំងពីសាធារណជន។
លើសពីនេះទៀតអ្នកនិពន្ធ Maurice Chatelain បានចេញផ្សាយពីការសន្ទនាតាមរលកវិទ្យុរបស់បេសកកម្មអាប៉ូឡូមួយចំនួន។ ក្នុងនោះរួមមានការសន្ទនាពីបេសកកម្មអាប៉ូឡូទី ១១ ផងដែរ។ ក្នុងបេសកកម្មមានការសន្ទនាទាក់ទងនឹងការប្រទះឃើញយានអវកាសមនុស្សភពផ្កាយ ប៉ុន្តែក្រុមមនុស្សនៅបន្ទប់បញ្ជាបានណែនាំឲ្យក្រុមការងារអាប៉ូឡូទី ១១ ស្ងាត់មាត់លើបញ្ហានេះ ដើម្បីកុំឲ្យលេចធ្លាយ។
រឿងរ៉ាវដែលអតីតបុគ្គលិក NASA ទាំងពីរបានលើកឡើងជាអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយ ប៉ុន្តែមិនមានភស្តុតាងណាអាចសន្និដ្ឋានថាទាំងនេះជារឿងពិតនោះទេ។ ផ្ទុយទៅវិញប្រហែលជាមានមូលហេតុសាមញ្ញជាងនេះ ដែលធ្វើឲ្យ NASA មិនអាចត្រឡប់ទៅឋានព្រះចន្ទ។
បេសកកម្មអាប៉ូឡូ ប៉ាន់ស្មានថាបានចំណាយរហូតដល់ ១១០ ពាន់លានដុល្លារ បើគិតជាលុយបច្ចុប្បន្ន។ ការប៉ាន់ស្មានថ្មីៗនេះដែរ បង្ហាញថាបេសកកម្មដែលចង់ធ្វើឡើងក្នុងពេលបច្ចុប្បន្ននេះ ត្រូវចំណាយលើសពី ១០៥ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរថវិកាប្រចាំឆ្នាំ ២០១៧ របស់អង្គការ NASA មានត្រឹមតែ ១៩ ពាន់លានដុល្លារប៉ុណ្ណោះ ហេតុនេះបេសកកម្មហោះទៅឋានព្រះចន្ទម្ដងទៀតមិនអាចទៅរួច ដោយសារជួបបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ដោយឡែក ទាក់ទងនឹងដំណើរទៅឋានព្រះចន្ទនេះដែរ មានមតិមួយចំនួនបានលើកឡើងថា ការទៅដល់ឋានព្រះចន្ទរបស់សហរដ្ឋអាមេរិកជារឿងបោកប្រាស់ ដើម្បីជួយឲ្យសហរដ្ឋអាមេរិកឈ្នះលើការប្រកួតប្រជែងផ្នែកអវកាសជាមួយរុស្សី នៅក្នុងពេលកើតមានសង្គ្រាមត្រជាក់តែប៉ុណ្ណោះ៕