Hacker មួយក្រុមបានប្រកាសពីជោគជ័យក្នុងការចូលលុកលុយទិន្នន័យរបស់អ្នកលេងហ្គេម Words with Friends ច្រើនជាង ២០០ លានគណនីនៅខែកញ្ញាកន្លងទៅនេះ ដោយក្នុងនោះបានលួចយកទាំងឈ្មោះ អ៊ីមែល អាសយដ្ឋាន និង Login ID ជាដើម។
ប្រភព Hacker ដែលឲ្យឈ្មោះថា Gnosticplayers បានបញ្ជាក់ពីតួលេខច្បាស់លាស់ដែលមានប្រមាណ ២១៨ លានគណនី មិនថាតែអ្នកលេងនៅលើប្រព័ន្ធ iOS និង Android ដែលបានដំឡើងហ្គេមនេះមុនថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៩។ នេះបើតាមការចុះផ្សាយលើសារព័ត៌មាន Hacker News។
ឆ្លើយតបពីក្រុមហ៊ុនអភិវឌ្ឍហ្គេមខាងលើគឺ Zynga ក៏ទទួលស្គាល់ថាទិន្នន័យពិតជាបានបែកធ្លាយពិតមែនសម្រាប់អ្នកលេងហ្គេម Draw Something និង Words with Friends រាប់មកទល់ថ្ងៃទី ១២ កញ្ញា។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដុតដៃដុតជើងបើកការស៊ើបអង្កេតនិងកំណត់មុខសញ្ញាពីការ Hack នេះឲ្យបានច្បាស់លាស់។
Zynga បានសង្កត់ធ្ងន់ថាខ្លួនក៏កំពុងព្យាយាមដោះស្រាយដល់គណនីទាំងអស់ផងដែរ ហើយជំរុញឲ្យអ្នកលេងប្រញាប់ធ្វើការផ្លាស់ប្តូរកូដសម្ងាត់ជាបន្ទាន់៕