គោលការណ៍ថ្មីរបស់ក្រុមហ៊ុន Facebook ថ្មីៗនេះបានធ្វើការបិទចោលឲ្យលែងឃើញចំនួន Like នៅលើការបង្ហោះ (Post) សម្រាប់គណនីក្នុងប្រទេសមួយចំនួន ដោយឡែកនៅថ្ងៃទី ១០ តុលា ការអនុវត្តសាកល្បងក៏បានកើតឡើងដូចគ្នាសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសវៀតណាម។
មិនថាតែប្រភេទ Account និង Page ក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានធ្វើការតេស្តសាកល្បងព្រមគ្នាក្នុងប្រទេសវៀតណាម។ ក្នុងនោះមានតារាចម្រៀងល្បីក្នុងស្រុកដូចជា Chi Pu និង Son Tung ដែលរមែងបង្ហោះបានលើស ១០ ០០០ Likes ក៏លែងឃើញតួលេខនេះតទៅទៀត រីឯការបង្ហោះខ្លះក៏បង្ហាញត្រឹមតែចំនួន Comment និង Share តែប៉ុណ្ណោះ។
ការផ្លាស់ប្ដូរដ៏តក់ក្រហល់នេះទំនងជាស្ថិតក្នុងដំណាក់កាលសាកល្បងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះប៉ុន្មានម៉ោងក្រោយមកក្រុមហ៊ុនក៏បើកឲ្យដំណើរការជាធម្មតាវិញ។
រំឭកថាការបង្កើតនូវគោលការណ៍កែប្រែថ្មី Facebook មានបំណងចង់ឲ្យអ្នកប្រើប្រាស់ជៀសផុតពីការរងសម្ពាធផ្លូវចិត្តជុំវិញការបង្ហោះមាតិកាដែលទទួលបានចំនួន Like តិច ប៉ុន្តែបើតាមការយល់ឃើញរបស់ម្ចាស់អាជីវកម្មមួយចំនួនក៏បានប្រតិកម្មពីផលប៉ះពាល់មួយផ្នែកផងដែរ៕