ប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនត្រកូល Mate ជំនាន់ចុងក្រោយរបស់ខ្លួននោះគឺ Huawei Mate 30 និង Mate 30 Pro ហើយពួកវាបានបំពាក់មកជាមួយលក្ខណៈ និងបច្ចេកវិទ្យាពិសេសៗជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺពួកវា មិនបានភ្ជាប់មកជាមកជាមួយ Google Service នោះទេ បើទោះបីជាពួកវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ក៏ដោយ។
ចំពោះមូលហេតុដែល Huawei Mate 30 និង Mate 30 Pro មិនបានភ្ជាប់មកជាមួយ Google Services នោះ គឺព្រោះតែបញ្ហា សង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន មិនទាន់ត្រូវបានដោះស្រាយ ហេតុដូច្នេះហើយក្រុមហ៊ុនរបស់អាមេរិក មិនអាចធ្វើជំនួញជាមួយក្រុមហ៊ុនចិននោះទេ។ អញ្ចឹងមានន័យថា ក្រុមហ៊ុន Huawei នឹងជួបបញ្ហាក្នុងការបញ្ចេញលក់ស្មាតហ្វូន ថ្មីៗរបស់ខ្លួន ទៅកាន់ក្នុងទីផ្សារអឺរ៉ុបជាក់ជាមិនខាន។ ជុំវិញរឿងរ៉ាវនេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទង ពីវាផងដែរ បើយោងទៅតាមអ្នកមានទំនាក់ទំនងជាមួយភ្នាក់ងារសារព័ត៌មានដ៏ល្បីមួយដែលមានឈ្មោះថា New York Times បាននិយាយថា នៅក្នុងកិច្ចប្រជុំសប្តាហ៍មុននេះ លោក Donald Trump ទំនងជាបើកភ្លើងបៃតងឲ្យក្រុមហ៊ុន Huawei ព្រោះថា លោក Trump បានអនុញ្ញាតឲ្យ ក្រុមហ៊ុនអាមេរិកមួយចំនួន អាចធ្វើជំនួញជាមួយ Huawei វិញហើយ។ ប៉ុន្តែយើងមិនទាន់ដឹងថា តើក្រុមហ៊ុនដែលគេនិយាយនោះ មានរាប់បញ្ចូលទាំងក្រុមហ៊ុន Google ឬក៏យ៉ាងណានោះទេ។









