“Welcome to Video” ដែលជាគេហទំព័រ Darknet ធំបំផុតសម្រាប់ចែកចាយវីដេអូអាសអាភាសធំបំផុតរបស់កុមារនៅលើពិភពលោកត្រូវបានរឹបអូស ហើយប្រតិបត្តិករ Jong Woo Son អាយុ ២៣ ឆ្នាំក៏ត្រូវបានចោទប្រកាន់និងផ្តន្ទាទោសនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ អាជ្ញាធរក៏បានរឹបអូសយកវីដេអូប្រហែល 8TB ដែលមានវីដេអូចំនួន 250,000 របស់កុមារ និងម៉ាស៊ីនមេ (server) ដែលគាត់ធ្លាប់ប្រតិបត្តិការផ្សារងងឹត Darknet រួចមក។
វាត្រូវបានប្រើសម្រាប់វីដេអូកេងប្រវ័ញ្ចផ្លូវភេទកុមារដែលត្រូវបានផ្សព្វផ្សាយ ហើយអាចធ្វើការដោនឡូតបានដោយសមាជិកនៃគេហទំព័រ។ វាជាការរឹបអូសដ៏ធំបំផុតមួយដែលទាក់ទងនឹងការរំលោភបំពានលើកុមារនេះ។ប្រតិបត្តិការនេះសហការជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក ហើយលោក Son ត្រូវបានចាប់ខ្លួនដោយភ្នាក់ងារមកពី IRS-CI, HSI ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិនៅចក្រភពអង់គ្លេស និងប៉ូលិសជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ជាលទ្ធផលនៃប្រតិបត្តិការនេះយ៉ាងហោចណាស់មានជនរងគ្រោះជាអនីតិជនចំនួន ២៣ នាក់ត្រូវបានជួយសង្គ្រោះអ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិក អេស្បាញ ចក្រភពអង់គ្លេស ហើយជនរងគ្រោះកុមារទាំងនេះត្រូវបានរំលោភបំពានយ៉ាងសកម្មពីសំណាក់អ្នកប្រើប្រាស់នៅលើគេហទំព័រនេះ។ លោក Brian A. Benczkowski អគ្គនាយករងនៃការិយាល័យព្រហ្មទណ្ឌនៃនាយកដ្ឋានយុត្តិធម៌និយាយថា “គេហទំព័រ Darknet ដែលទទួលបានប្រាក់ចំណេញពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារស្ថិតក្នុងចំណោមឥរិយាបទព្រហ្មទណ្ឌដ៏គួរឱ្យស្អប់ខ្ពើមបំផុត” ។
ចន្លោះពីខែមិថុនាឆ្នាំ ២០១៥ ដល់ខែមីនាឆ្នាំ ២០១៨ Welcome to Videoទទួលបានយ៉ាងហោចណាស់ ៤២០ bitcoin (៣ លានដុល្លារអាមេរិក) តាមរយៈប្រតិបត្តិការ ៧៣០០ ។ អតិថិជនមកពីប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស កូរ៉េខាងត្បូងបានផ្ញើ BTC ទៅ “Welcome to Video” នេះ។រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយនៅក្នុងការចោទប្រកាន់ថាពួកគេបានរកឃើញអាសយដ្ឋាន IP ជាច្រើន៖ 121.185.153.64 និង 121.185.153.45 ហើយអាសយដ្ឋាន IP addressesទាំងនេះត្រូវបានដោះស្រាយនៅទូរគមនាគមន៍នៃប្រទេសកូរ៉េខាងត្បូង៕