កាលពីសប្តាហ៍មុនស្មាតហ្វូន Galaxy S10 និង Note 10 ត្រូវបានអ្នកប្រើប្រាស់រាយការណ៍ថាមានជួបបញ្ហាស្កេនខ្ចៅដៃលើអេក្រង់ ដែលវាអាចអនុញ្ញាតឲ្យខ្ចៅដៃរបស់អ្នកដទៃអាចស្កេនដោះសោបានងាយ ត្បិតពុំបានបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធទូរសព្ទនោះក៏ដោយ។
លុះថ្មីៗនេះតាមប្រភព Android Central រាយការណ៍ថាក្រុមហ៊ុន Samsungបានជួសជុលចន្លោះប្រហោងដ៏ធំមួយនោះរួចរាល់ហើយ ដោយឡែកក៏បានបញ្ចេញកំណែអាប់ដែតថ្មីសម្រាប់ម្ចាស់ S10 និង Note 10 នៅប្រទេសកូរ៉េខាងត្បូងផងដែរ ខណៈការអាប់ដែតសកលនឹងចេញផ្សាយនៅពេលដ៏ខ្លីខាងមុខ។យ៉ាងណាមិញដំណោះស្រាយបណ្តោះអាសន្ន ប្រសិនអ្នកប្រើមិនចង់ជួបបញ្ហា អាចធ្វើការប្រើប្រាស់មុខងារសុវត្ថិភាពតាមរយៈការដាក់កូដសម្ងាត់ឬមុខងារស្កេនមុខសិន រហូតរង់ចាំដល់កំណែអាប់ដែតថ្មីចេញផ្សាយជាផ្លូវការ៕