លោក Elon Musk ជាស្ថាបនិករបស់ Space X ព្រមទាំងជាស្ថាបនិករបស់ ក្រុមហ៊ុនរថយន្ត Tesla ផងដែរ ហើយលោកក៏តែងជាមនុស្សម្នាក់ ដែលបង្ហាញមុខនៅលើបណ្តាញសង្គម ទាក់ទងជាមួយ វិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវីស័យមួយចំនួនទៀតផងដែរ។ ដោយឡែក នៅក្នុងពេលនេះ គេបានដឹងថា នៅពេលដែលបុគ្គលម្នាក់នេះ ផ្លាស់ប្តូរទៅប្រើទូរសព្ទម៉ូឌែលថ្មីនោះ គឺលោកតែងតែបំផ្លាញម៉ូឌែលចាស់ចោល ដូច្នេះហើយ ទើបគេសួរលោកថា តើដោយសារមូលហេតុអ្វីទៅ?
ប្រាកដណាស់ យើងមិនងាយនឹងឃើញទេ ចំពោះបុគ្គលទាំងឡាយណា ដែលមានលក្ខណៈដូចបុគ្គលខាងលើនេះ ព្រោះថារាល់ពេលដែលគាត់ ប្តូរទៅប្រើទៅប្រើទូរសព្ទថ្មី គាត់តែងតែបំផ្លាញ ទូរសព្ទចាស់ ដែលតែងតែប្រើរាល់ថ្ងៃ ហើយនេះជាហេតុ ដែលធ្វើឲ្យមានមនុស្សជាច្រើន ឆ្ងល់រហូតមកទល់ ពេលសព្វថ្ងៃផងដែរ។ ចំពោះចម្លើយ ដែលលោក Elon Musk បានប្រាប់នោះគឺ ដោយសារលោកចង់ការពារ ទិន្នន័យផ្ទាល់ខ្លួន ដែលមាននៅក្នុងទូរសព្ទនោះ ម្យ៉ាងទៀតលោកខ្លាចទិន្នន័យទាំងនោះ ធ្លាក់ទៅក្នុងដៃ ជនដែលមានបំណងមិនល្អ អាចបង្ករជាបញ្ហាផ្សេងៗ ដូច្នេះជម្រើសដែលល្អបំផុត ក្នុងការការពារ គឺមានតែបំផ្លាញចោលតែមួយគត់ ទើបធ្វើឲ្យលោកប្រាកដក្នុងចិត្តបាន។ មួយវិញទៀត បើតាមអ្វីដែលបានលើកឡើង លោក Elon Musk បានផ្លាស់ប្តូរ ស្មាតហ្វូនរបស់ខ្លួនជាប្រចាំ នៅក្នុងរយៈពេលខ្លី ព្រោះដើម្បីបង្កើនសុវត្ថិភាពបន្ថែម ពីការបែកធ្លាយផ្សេងៗ ជាក់ស្ដែង ឧទាហរណ៍ដូចជា ការបែកធ្លាយ ពត៌មានមួយចំនួន ចេញពីស្មាតហ្វូន របស់លោក Jeff Bezos ដែលជា CEO របស់ Amazon អញ្ចឹងដែរ។
សរុបមកវិញ មូលហេតុដែលលោក Elon Musk តែងតែបំផ្លាញទូរសព្ទចាស់ចោល នៅពេលផ្លាស់ប្តូរថ្មីនោះ គឺដោយសារតែលោក មិនចង់ឲ្យទិន្នន័យផ្ទាល់ខ្លួន ដែលនៅក្នុងទូរសព្ទនោះ មានការបែកធ្លាយ ក៏ដូចជាធ្លាក់ទៅក្នុងដៃ បុគ្គលដែលមានបំណងមិនល្អផងដែរ។ ហេតុនេះហើយ យើងឃើញថា នេះជាជម្រើសល្អមួយ ក្នុងការរារាំងទិន្នន័យផ្សេងៗ មិនឲ្យបែកធ្លាយ សម្រាប់បុគ្គលដែលជា អ្នកមានស្តុកស្តម្ភដូចលោក Elon Musk ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ទូទៅ មិនគួរធ្វើបែបនេះទេ ព្រោះវាពិតជាខាតប្រាក់ច្រើន ក្នុងការប្តូរស៊េរីទៅកាន់ ទូរសព្ទថ្មីមួយទៀត។