កាលខែកញ្ញាកន្លងទៅនេះក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញជាផ្លូវការនូវ iPhone ជំនាន់ចុងក្រោយរបស់ខ្លួននោះគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ហើយពួកវាបានបំពាក់មកជាមួយលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន ក្នុងនោះកាមេរ៉ារបស់ iPhone ជំនាន់ថ្មីនេះបានក្លាយទៅជាចំនុចមួយដ៏ធំដែលធ្វើឲ្យមហាជនជាច្រើនចង់ទិញវាយកមកប្រើប្រាស់ ហើយមូលហេតុនោះក៏ព្រោះតែពួកវាមានសមត្ថភាពធ្វើការបានយ៉ាងល្អ និងប្រសើរជាង iPhone ជំនាន់មុនៗច្រើន។ មិនត្រឹមតែប៉ុណ្ណោះកាមេរ៉ារបស់ iPhone 11 Series ក៏បានជាប់ទៅជាកាមេរ៉ាដែលអាចធ្វើការថតរូប និងវីដេអូបានយ៉ាងស្រស់ស្អាត ក្នុងចំណោមកាមេរ៉ាល្អៗរបស់ស្មាតហ្វូនលំដាប់កំពូលផ្សេងៗទៀតផងដែរ។
បើនិយាយអំពីសមត្ថភាពកាមេរ៉ារបស់ iPhone 11 Series ធ្វើឲ្យយើងនឹកឃើញដល់មុខងារ Deep Fusion មុនគេ ព្រោះថាវាក៏ជាចំណែកមួយដ៏ធំក្នុងការធ្វើឲ្យកាមេរ៉ារបស់ iPhone ជំនាន់ថ្មីនេះអាចធ្វើការបានល្អ និងជាប់ជាកាមេរ៉ាស្មាតហ្វូនដែលអាចថតរូបបានស្អាត និងច្បាស់ល្អ។ ដូច្នេះប្រហែលជាមានប្រិយមិត្តមួយចំនួន ជាពិសេសអ្នកដែលកំពុងប្រើប្រាស់ iPhone 11 Series ប្រាកដជាចង់ដឹងហើយថា អ្វីទៅជា Deep Fusion ? ហើយតើធ្វើយ៉ាងណាទើបអាចប្រើប្រាស់វាបាន ? អញ្ចឹងកុំនៅចាំយូរ យើងនាំគ្នាទៅស្វែងយល់ពីវាទាំងអស់គ្នា។
Deep Fusion គឺជាមុខងារពិសេសថ្មីមួយដែលប្រើប្រាស់សម្រាប់ធ្វើការគណនារូបភាពដែលយើងកំពុងថត ដើម្បីទទួលបានរូបភាពមួយដ៏ស្រស់ស្អាត, ច្បាស់ល្អ និងកាត់បន្ថយគ្រាប់ Noise ជាដើម។ បើយោងទៅតាមការបញ្ជាក់របស់ Apple បាននិយាយថាមុខងារ Deep Fusion ដំណើរការដោយធ្វើការចាប់យករូបភាពចំនួន 8 សន្លឹកផ្សេងៗគ្នាមុនពេលដែលយើងចុចលើប៊ូតុងថត ហើយនៅពេលដែលយើងចុចនៅលើប៊ូតុងថត វានឹងធ្វើការថតរូប Long Exposure មួយសន្លឹកបន្ថែមទៀត ដូច្នេះសរុបទាំងអស់គឺ 9 សន្លឹក បន្ទាប់មកអង្គគណនារូបភាពចំណាយពេល 1 វិនាទីដើម្បីធ្វើការជ្រើសរើសយកចំណុចល្អនីមួយៗរបស់រូបភាព រួចធ្វើការច្របាច់បញ្ចូលរូបភាពទាំងនោះឲ្យក្លាយទៅជារូបភាពតែមួយតាមរយៈបច្ចេកវិទ្យា “Pixel by Pixel”។ មុខងារ Deep Fusion ដំណើរការទៅបានដោយពឹងផ្អែកទៅលើអង្គគណនារូបភាព និង Neural Engine ជំនាន់ថ្មីដែលមាននៅក្នុងបន្ទះឈីប A13 Bionic។
ចូលមកដល់របៀបប្រើប្រាស់វិញម្តង ដើម្បីទទួលបានមុខងារ Deep Fusion នេះវាតម្រូវឲ្យ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max របស់អ្នកធ្វើការអាប់ដេតទៅកាន់ iOS 13.2 ជាមុនសិន។ ចំពោះដំណើរការរបស់វាវិញ វាមិនបានបង្ហាញរូបតំណាងឲ្យយើងបានដឹងថា យើងកំពុងតែប្រើប្រាស់មុខងារមួយនេះ ដូចទៅនឹងមុខងារ Night Mode ឬក៏មុខងារផ្សេងៗដែលមាននៅក្នុងកម្មវិធីកាមេរ៉ានោះទេ ដោយមុខាងរ Deep Fusion នឹងធ្វើការដោយស្វ័យប្រវត្តិតែម្តងនៅពេលដែលយើងធ្វើការថតរូប ប៉ុន្តែក៏មិនមានន័យថាវាដំណើរការគ្រប់ពេលនោះដែរ ជាក់ស្តែងមុខងារ Deep Fusion មិនដំណើរការនៅពេលដែលយើងប្រើប្រាស់លេនទូលាយ (Ultra-Wide) និងមិនដំណើរការនៅពេលដែលយើងបើកមុខងារមួយដែលមានឈ្មោះថា “Photos Capture Outside the Frame”។ ដូច្នេះបើសិនជាអ្នកចង់ឲ្យមុខងារ Deep Fusion ដំណើរការអ្នកត្រូវតែប្រើប្រាស់លេនគោល ឬក៏ Telephoto Len ព្រមទាំងបានបិទមុខងារ “Photos Capture Outside the Frame” ហើយដើម្បីបិទមុខងារនេះបាន ជាដំបូងអ្នកត្រូវចូលទៅក្នុង Settings នៅលើ iPhone របស់អ្នកជាមុនសិន បន្ទាប់មកចូលទៅកាន់មុខងារ Camera នៅពេលនោះអ្នកនឹងឃើញមុខងារ “Photos Capture Outside the Frame” ដែលស្ថិតនៅក្នុងផ្នែក Composition បន្ទាប់មកទៀតសូមធ្វើការបិទមុខងារនោះជាការស្រេច។ គួរបញ្ជាក់ផងថា ដំណើរការរបស់ Deep Fusion គឺស្ថិតនៅចន្លោះរវាងមុខងារ Night Mode និង Smart HDR ដោយនៅពេលដែលយើងស្ថិតនៅទីតាំងដែលមានពន្លឺខ្លាំង មុខងារ Smart HDR នឹងដំណើរការដោយស្វ័យប្រវត្តិ និងនៅពេលដែលយើងស្ថិតនៅទីតាំងដែលខ្សោយពន្លឺ វានឹងដំណើរការមុខងារ Night Mode ចំណែកឯ នៅពេលដែលយើងស្ថិតនៅទីតាំងដែលមានពន្លឺល្មម វានឹងដំណើរការមុខងារ Deep Fusion។
គួរបញ្ជាក់បន្ថែមបន្តិចផងថា មុខងារ Photos Capture Outside the Frame គឺជាមុខងារដែលអនុញ្ញាតឲ្យយើងអាចធ្វើការថតរូបដោយប្រើប្រាស់លេនគោល និងលេនទូលាយ (Ultra-Wide) ក្នុងពេលតែមួយ ហើយចំពោះអត្ថប្រយោជន៍របស់មុខងារនេះវិញ គឺវាអាចឲ្យយើងធ្វើការទាញយករូបភាពរបស់វត្ថុដែលស្ថិតនៅក្រៅប្លង់គោល ឲ្យចូលទៅក្នុងប្លង់រូបភាពដែលយើងបានថតរួចហើយ។ គួររំលឹកម្តងទៀតផងថា មុខងារ Deep Fusion នេះមានតែនៅលើ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 13.2 ឡើងទៅតែប៉ុណ្ណោះ។