កម្មវិធីសម្រាប់ផ្ងើសារ ក្នុងការទំនាក់ទំនងគ្នាមួយ ក្នុងចំណោមកម្មវិធី Message ដែលមានការពេញនិយមជាច្រើនទៀត គឺកម្មវិធី WhatsApp ដោយក្នុងថ្ងៃនេះដែរ មានការប្រកាសថា វានឹងអាច Support ជាមួយមុខងារថ្មី នៅលើស្មាតហ្វូន Android។ មិនខុសនោះទេ ក្នុងកំណែអាប់ដេតចុងក្រោយ នៃកម្មវិធី WhatsApp បានអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចធ្វើការចាក់សោរ ការសន្ទនារបស់ពួកគេ (Message) តាមរយៈមុខងារស្កេនស្នាមម្រាមដៃបាន ផងដែរ។
ជាការពិតណាស់ WhatsApp បានធ្វើការប្រកាសនៅលើ Blog ផ្លូវការនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្ដើម បញ្ចេញកំណែអាប់ដេតថ្មី សម្រាប់ការ Support ការចាក់សោរ ជាមួយមុខងារ ស្កេនស្នាមម្រាមដៃនៅលើ ស្មាតហ្វូន Android។ ជាក់ស្ដែង មុខងារនេះ ធ្លាប់បានបញ្ចេញដាក់អោយប្រើនៅលើ iOS រួចមកហើយ ជាមួយការគាំទ្រមុខងារ Touch ID និង Face ID ដែលបានផ្ដល់សិទ្ធិ អោយអ្នកប្រើអាចធ្វើការចាក់សារ Massage របស់ពួកគេបានដូចគ្នា ផងដែរ។ មួយវិញទៀត ការចាក់សោរដើម្បីមិនអោយអ្នកណា អាចបើកមើលបាននេះ វាមិនបានចាក់សោទាំងការ Call នោះទេ (Block Call) ដោយគ្រាន់តែបានជួយលាក់ Message នៅពីក្រោយប្រព័ន្ធសុវត្ថិភាពប៉ុណ្ណោះ ហើយវាពិតជាល្អណាស់ ដែលមានជម្រើសបែបនេះ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏អាច កំណត់ពេលវេលា ឬកំណត់អោយស្វ័យប្រវត្តិ នៃការចាក់សោរនេះ បានថែមទៀតផង។
ជាចុងក្រោយ ដើម្បីទទួលបានមុខងារនេះ ប្រិយមិត្តត្រូវតែធ្វើការអាប់ដេតកម្មវិធី WhatsApp ទៅកាន់ Version ចុងក្រោយជាមុនសិន ហើយបន្ទាប់ពីអាប់ដេតរួចរាល់ ប្រិយមិត្តអាចចូលទៅក្នុង Settings > Account > Privacy > Fingerprint lock ហើយបើក Unlock with fingerprint និងធ្វើការបញ្ជាក់ស្នាមម្រាមដៃរបស់អ្នក ជាការស្រេច។