យើងបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple ក៏បានធ្វើការបញ្ចេញកំណែអាប់ដេត iOS 13.2 ដើម្បីធ្វើការជួសជុល កែប្រែចន្លោះប្រហោង ក៏ដូចជាបន្ថែមមុខងារថ្មីៗ ពិសេសមួយចំនួនផងដែរ។ ដោយក្នុងនោះមុខងារ Deep Fusion គឺជាមុខងារមួយដ៏ពិសេសដែលទាក់ទាញឲ្យអ្នកប្រើប្រាស់ iPhone 11 Series ទាំងអស់ធ្វើការអាប់ដេតទៅកាន់ iOS 13.2។ ដើម្បីស្វែងយល់លម្អិតពីមុខងារ Deep Fusion និងរបៀបប្រើប្រាស់វា អ្នកអាចចុចនៅលើ តំណរភ្ជាប់ នេះបាន។ ដោយសារតែ iOS 13.2 បានធ្វើការជួសជុសបញ្ហាជាច្រើនដែលកើតមានឡើងនៅលើ iOS 13 ជំនាន់មុន ព្រមទាំងបានបន្ថែមមុខងារថ្មីៗជាច្រើន ហេតុដូច្នេះខ្ញុំជឿថាប្រាកដជាមានប្រិយមិត្តមិនតិចនោះទេដែលបានធ្វើការអាប់ដេតទៅកាន់ iOS 13.2 ច្បាស់ជាមិនខាន។
ទាក់ទងទៅនឹង ប្រព័ន្ធប្រតិបត្តិការ iOS 13.2 នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយអំពីវាផងដែរ បើយោងទៅតាមការបញ្ជាក់របស់អ្នកប្រើប្រាស់មួយចំនួន តាមរយៈគេហទំព័រ Mac Rumors បានធ្វើឲ្យយើងដឹងថា បន្ទាប់ពីពួកគេបានធ្វើការអាប់ដេតទៅកាន់ iOS 13.2 រួចមក ពួកគេកត់សម្គាល់ឃើញថា iPhone របស់ពួកគេមានបញ្ហាក្នុងការគ្រប់គ្រងកម្មវិធីដែលបើកទុកចោល (RAM Management)។ ដោយក្នុងនោះអ្នកខ្លះបាននិយាយថា នៅពេលដែលគាត់កំពុងមើលវីដេអូនៅក្នុង YouTube បន្ទាប់មកគាត់ក៏បានបញ្ឈប់ (Pause) វីដេអូនោះ ដើម្បីចេញទៅឆ្លើយតបសារដែលគេបានផ្ញើឲ្យគាត់ បន្ទាប់ពីបានឆ្លើយតបសាររួចដោយចំណាយពេលមិនដល់ 1 នាទី គាត់ក៏បានចូលទៅក្នុងកម្មវិធី YouTube វិញ នៅពេលនោះកម្មវិធី YouTube បានធ្វើការ Reload ទៅកាន់ផ្ទាំងបង្ហាញដើមវិញ ដែលជាហេតុធ្វើឲ្យគាត់មិនអាចមើលវិដេអូ ដែលគាត់បានមើលបន្តទៀត។ អ្នកខ្លះទៀត បាននិយាយថា ដំបូងឡើយគាត់កំពុងតែធ្វើការនៅលើសៀវភៅបញ្ជី (Spread Sheet) ដែលមាននៅក្នុងកម្មវិធី Microsoft Excel បន្ទាប់មកគាត់ក៏បានចាកចេញពីកម្មវិធី Excel ដោយទុកវាឲ្យដំណើរការចោលនៅក្នុង Background រួចគាត់ក៏ចូលទៅបើកកម្មវិធី YouTube ដើម្បីមើលវិដេអូមួយចំនួន ដោយចំណាយពេលអស់រយៈពេល 10 នាទី បន្ទាប់មកទៀតគាត់ក៏ត្រលប់ទៅបើកកម្មវិធី Excel វិញ នៅពេលនោះកម្មវិធី Excel របស់គាត់បានធ្វើការ Reload សាជាថ្មី លើសពីនេះទៅទៀតសូម្បីតែ Tabs មួយចំនួនដែលគាត់បានបើកទុកចោលនៅក្នុងកម្មវិធី Safari ក៏បានធ្វើការ Reload ដូចគ្នាផងដែរ។
