ទូរស័ព្ទជាផ្នែកមួយនៃជីវិតមនុស្សរស់នៅនាពេលសព្វថ្ងៃ ហើយមនុស្សម្នាក់ៗបានចំនាយពេលវេលាប្រចាំថ្ងៃជាច្រើនម៉ោងនៅលើទូរស័ព្ទ។ នៅពីក្រោយអត្ថប្រយោជន៍ដែលបានផ្តល់ជូនអ្នកប្រើប្រាស់ ទូរស័ព្ទដៃបច្ចុប្បន្នក៏ជាវិធីមួយយ៉ាងល្អប្រសើរបំផុតរបស់រដ្ឋាភិបាលប្រទេសមួយចំនួន ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមមានគំនិតអាក្រក់មួយចំនួនទៀត ប្រើប្រាស់ដើម្បីទាញយកទិន្ន័យ និងស៊ើបព័ត៌មានផ្សេងៗចេញពីអ្នកប្រើប្រាស់។
លោក Edward Snowden អតីតជាអ្នកធ្វើការនៅ NSA បានបញ្ចេញវីដេអូមួយពន្យល់ប្រាប់ដល់សាធារណៈជនថា តើគេប្រើប្រាស់ទូរស័ព្ទ ដើម្បីស៊ើប និងតាមដានមនុស្សតាមរយៈទូរស័ព្ទយ៉ាងដូចម្តេច។
ប្រមូលព័ត៌មានចាប់ឆាយ
រាល់ក្រុមហ៊ុនទូរស័ព្ទទាំងអស់សុទ្ធតែអាចតាមដានរាល់ទូរស័ព្ទ ដែលមានសេវាភ្ជាប់ទៅនឹងអង់តែនដែលគេអាចដឹងថាមនុស្សកាន់ទូរស័ព្ទនោះនៅទីកន្លែងណាបាន។ បើសិនជាទូរស័ព្ទដូរទីតាំងនោះគេវាតម្លៃថាមនុស្សនឹងដូរទីតាំងដែរ ហើយគេអាចកំណត់បានថា តើគេទៅកន្លែងធ្វើការ ឬទៅផ្ទះបាន។
ព័ត៌មានទីតាំងទាំងនេះមិនត្រូវបានរក្សារទុកយូរឡើយ តែការដែលមានព័ត៌មានទីតាំងអ្នកប្រើប្រាស់ទាំងអស់នេះ អាចឲ្យក្រុមហ៊ុនប្រើប្រាស់វាដើម្បីជាប្រយោជន៍ផ្សេងៗតាមដែលគេអាចទាញយកបាន។ ការប្រមូលព័ត៌មានទាំងនេះគឺគិតត្រឹមតែពេលទូរស័ព្ទភ្ជាប់ទៅនឹងសេវាអង់តែនតែប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលថា តើមានកម្មវិធីមានក្នុងទូរស័ព្ទនោះ បានប្រើប្រាស់បណ្តាញអង់តែននោះញឹកញាប់ និងមានគោលបំណងអ្វីឡើយ។
សម្រាប់ទូរស័ព្ទបច្ចុប្បន្នដែលបិទទៅហើយ តើយើងច្បាស់ទេថា វានឹងបិទជាស្ថាពរ១០០%នោះ ដោយសារតែថ្មនៅតែអាចភ្ជាប់ទៅទូរស័ព្ទមានថាមពលជានិច្ច។ យោងតាមលោក Edward បាននិយាយថា ទូរស័ព្ទដៃរបស់ក្រុមជួញដូរថ្នាំញៀន ជាប្រភេទទូរស័ព្ទ សេ៊រីចាស់ដែលងាយនឹងដកថ្មបាន ហើយពិបាកនឹងតាមដាន។ តើវាអាចជាមូលហេតុមួយថែមទៀតដែលក្រុមហ៊ុនទូរស័ព្ទបច្ចុប្បន្នបានរចនាដោយមិនអាចដកថ្មចេញបាន ដើម្បីគេនៅតែអាចតាមដានអ្នកប្រើប្រាស់ថែមទៀត?
តើទូរស័ព្ទទំនើបបច្ចុប្បន្នកំពុងតែបម្រើឲ្យអ្នកណាពិតប្រាកដ?
សម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្នយល់ថា ទូរស័ព្ទដែលខ្លួនកំពុងកាន់នោះគឺជាកម្មសិទ្ធរបស់ខ្លួន ជាអ្នកបម្រើតម្រូវការរបស់ខ្លួន តែនៅពីក្រោយវាំងនននៃទូរស័ព្ទទំនើបនេះ វាកំពុងបម្រើឲ្យអ្នកណាពិតប្រាកដ? លោក Edward បាននិយាយថា សព្វថ្ងៃយើងកាន់ទូរស័ព្ទនៅហ្នឹងដៃខ្លួនឯងគ្មានអ្នកប៉ះពាល់បាន ប៉ុន្តែម្ចាស់ទូរស័ព្ទមិនដឹងទេថា តើទូរស័ព្ទរបស់ខ្លួនកំពុងដំណើការកម្មវិធីអ្វីខ្លះ? វាបានភ្ជាប់ទៅកាន់កន្លែងណាខ្លះ និងបញ្ជូនព័ត៌មានទៅទីកន្លែងណាខ្លះនោះឡើយ។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Apple កំពុងប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ ដោយយើងគ្រប់គ្នាមិនដឹងខ្លួន ហើយគេបានប្រើប្រាស់ព័ត៌មាននោះ ទាញយកប្រយោជន៍ផ្សេងៗតាមដែលអាចធ្វើបាន ដូចជាចាប់យកទីតាំងរបស់យើងដើម្បីទុកផ្សាយពាណិជ្ជកម្មឲ្យត្រូវនឹងតំបន់ជាដើម។
iOS របស់ Apple មានភាពពិបាកសម្រាប់អ្នកប្រើប្រាស់ធម្មតាពិនិត្យមើលថាមានកម្មវិធីដែលខ្លួនកំពុងប្រើនោះ បានភ្ជាប់និងបញ្ជូនព័ត៌មានទៅទីកន្លែងណាខ្លះ។ Apple មានភាពឡូស៊ិកជាងGoogle ដោយគេចេញរចនាប្រព័ន្ធសុវត្ថិភាពឯកជន ដែលអាចបិទ/បើកនូវអ្វីដែលអ្នកប្រើប្រាស់ចង់បាននៅលើកម្មវិធីដែលគេចង់តាមអំពើចិត្តបាន។
នៅសព្វថ្ងៃនេះបើសិនជាប៊ូតុងដាក់ (កុំតាមដានសកម្មភាពខ្ញុំ) នៅលើទូរស័ព្ទនោះគឺជាមុខងារអច្ឆិរយបំផុតនៅលើលោកនេះហើយ តែការពិតវាជារឿងដែលអាចធ្វើបាន តែគ្មានមនុស្សឬក្រុមហ៊ុនណានឹងប្រើមុខងារនៅលើផលិតផលរបស់ខ្លួនឡើយ។
ថ្វីត្បិតតែនៅពីក្រោយទូរស័ព្ទទំនើបមានបញ្ហាជាច្រើនពិតមែន តែសម្រាប់យើងជាប្រើប្រាស់មិនថាខ្ញុំជាស្មេរនោះឡើយ យើងគ្រាន់តែអនុវត្តឲ្យត្រឹមត្រូវទៅតាមច្បាប់ និងកុំប្រព្រឹត្តអំពើណាដែលខុសពីច្បាប់នោះវានឹងមិនមានបញ្ហាអ្វីនោះឡើយ។ យើងអនុវត្តតាមច្បាប់ដើម្បីសង្គមជាតិមានភាពសុខសាន្ត ហើយមនុស្សគ្រប់គ្នាអាចធ្វើការ និងប្រកបរបររកស៊ីចិញ្ចឹមជីវិតឲ្យសប្បាយរីករាយ នោះវានឹងគ្មានបញ្ហាអ្វីនោះទេ។
