សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សប្រជាធិបតេយ្យរបស់អាមេរិក លោកChuck Schumer បានសរសេរលិខិតមួយច្បាប់ជូនទៅលេខាធិការកងទ័ពលោក Ryan McCarthy ដោយបានមានភាពព្រួយបារម្ភខ្ពស់ ចំពោះយុទ្ធនាការផ្សព្វផ្សាយជ្រើសរើសទាហាថ្មីនៅក្នុងស្រទាប់យុវវ័យអាមេរិក ដោយប្រើប្រាស់កម្មវិធីវីដេអូ TikTok ដែលផលិតដោយប្រទេសចិន។
លោកSchumer បាននិយាយថា លោកយល់អំពីស្ថានការបច្ចុប្បន្នដែលត្រូវសម្របតាម ដើម្បីជ្រើសរើសទាហានថ្មីនៅក្នុងស្រទាប់យុវវ័យអាមេរិក តែទោះជាយ៉ាងណាក្តី គាត់សំណូមពរឲ្យមានការគិតគូដល់សុវត្ថិភាពជាតិ ដែលកើតឡើងបណ្តាលមកពីកម្មវិធីដែលបង្កើតឡើងដោយជនជាតិចិនមួយនេះ។
កម្មវិធីនេះTiktokបានក្លាយជាកម្មវិធីពេញនិយមបំផុតក្នុងចំនោមស្រទាប់យុវវ័យអាមេរិក នៅក្នុងពេលវេលាសង្គ្រាមសេដ្ឋកិច្ច និង បច្ចេកវិទ្យា រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ យោងតាមរបាយការណ៍ក្រុមហ៊ុនបានឲ្យដឹងថា សព្វថ្ងៃនេះមានអ្នកប្រើប្រាស់ជាប្រចាំ ៦០% (ប្រមាណ ២៦,៥លាននាក់) ក្នុង១ខែៗ មានប្រភពមកពីអាមេរិក នៅចន្លោះអាយុ ១៦ ទៅ ២៤ឆ្នាំ។
ក្រុមហ៊ុន TikTokធ្លាប់បានបញ្ជាក់ប្រាប់រដ្ឋាភិបាលអាមេរិកម្តងហើយម្តងទៀតថា ក្រុមហ៊ុនខ្លួនគឺមានឯករាជ្យភាព មិនទាក់ទងនឹងរដ្ឋាភិបាលចិននោះឡើយ តែសមាជិកសភាអាមេរិកនៅតែមិនទុកចិត្តការអះអាងរបស់ក្រុមហ៊ុនឡើយ។
លោកSchumerបញ្ជាក់ថា អ្វីដែលអាចនឹងបង្កដល់សុវត្ថិភាពជាតិនោះដោយសារតែកម្មវិធីនេះ អាចទាញយកនូវទិន្ន័យដូចជា IP Adress, ទីតាំងផ្សេងៗ, metadata, សារទំនាក់ទំនងផ្សេងៗ និងព័ត៌មានសំខាន់ៗជាច្រើនទៀត។ អ្វីដែលលោកមិនទុកចិត្តនោះដោយសារក្រុមហ៊ុននេះស្ថិតនៅក្រោមច្បាប់របស់ប្រទេសចិន ហើយច្បាប់នៅប្រទេសបានចែងថា “រាល់បណ្តាក្រុមហ៊ុនក្នុងស្រុកទាំងអស់ ត្រូវចូលរួមគាំទ្រ និងសហប្រតិបត្តិការជាមួយភ្ញាក់ងាររបស់រដ្ឋាភិបាលបក្សកុំមុយនីស្តចិន។”