រូបភាពពីផ្កាយរណបបង្ហាញអំពីសកម្មភាព នៃនាវាផ្ទុកយន្តហោះចម្បាំង Type 001A ដែលចិនផលិតខ្លួនឯង

0

រូបភាពថ្មីជាច្រើនសន្លឹកថតដោយផ្កាយរណបក្រុមហ៊ុន Maxar Technologies បានបង្ហាញថា នាវាផ្ទុកយន្ដហោះចម្បាំងផលិតនៅក្នុងស្រុកដំបូងបំផុតរបស់ចិន Type 001A បានឈប់សំចតនៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុងយូលីន (Yulin) នៃខេត្តហៃណាន (Hainan) នាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ផ្សាយដោយសារព៌ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

នាវាចម្បាំង Type 001A បានចេញដំណើរពីទីក្រុង ដាលៀន (Dalian) ដើម្បីចូលរួមនៅក្នុងការធ្វើសមយុទ្ធ និងធ្វើតេស្ដលើផ្ទៃសមុទ្រជាលើកចុងក្រោយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ ស្របពេលនាវាចម្បាំងនេះក៏ត្រូវបានគេរាយការណ៍ផងដែរថា បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មុននឹងបន្តទៅកាន់សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា បើតាមរូបភាពផ្កាយរណបរបស់ក្រុមហ៊ុន Maxar Technologies យន្ដហោះចម្បាំង សិនយ៉ាង J-15 (Shenyang J-15) ចំនួន 0៧គ្រឿង និងឧទ្ធម្ភាចក្រ ឆាងហេ Z-18 (Changhe Z-18)ចំនួន ០៤គ្រឿងស្ថិតនៅលើនាវាផ្ទុកយន្ដហោះចម្បាំង Type 001A។ Type 001A ជានាវាចម្បាំងផ្ទុកយន្ដហោះចម្បាំង ផលិតនៅក្នុងស្រុកដំបូងគេបំផុតត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឱ្យកងទ័ពរំដោះប្រជាជនចិនប្រើប្រាស់ នៅដំណាច់ឆ្នាំ២០១៩ នេះហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here