ក្រុមហ៊ុន Google បានប្រកាសអំពីកម្មវិធីស្វែងរកកំហុសឆ្គងលើ Android ជាថ្មីម្ដងទៀត ដែលក្រុមហ៊ុននឹងបង្កើតផ្ដល់ប្រាក់រង្វាន់ដល់ ១,៥ លានដុល្លារ ប្រសិនបើអាច Hack ចូលបន្ទះឈីប Titan M នៅលើទូរសព្ទ Pixel និងអាចស្វែងរកចន្លោះប្រហោងនៅលើប្រភេទ Preview នៃប្រព័ន្ធប្រតិបត្តិការ Android។
មកទល់បច្ចុប្បន្ននេះកម្មវិធី Bug Bounty របស់ Google ធ្លាប់បានប្រគល់ប្រាក់រង្វាន់ខ្ពស់បំផុតគឺជិត ២០០ ០០០ ដុល្លារ។ រយៈពេល ១២ ខែចុងក្រោយនេះ Google បានផ្ដល់ប្រាក់រង្វាន់សរុបប្រហែល១,៥ លានដុល្លារ និងចន្លោះប្រហោងនីមួយៗជាមធ្យមទទួលបានរង្វាន់ ៣ ៨០០ ដុល្លារ។ នៅឆ្នាំ ២០១៩ រង្វាន់ខ្ពស់បំផុតគឺ ១៦១៣៣៧ ដុល្លារ។
ការបង្កើនប្រាក់រង្វាន់នេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនមួយចំនួនបានបង្កើនប្រាក់រង្វាន់នៃការស្វែងរកចន្លោះប្រហោងលើ Android រហូតដល់ ២,៥ លានដុល្លារ។ វាជាលើកដំបូងដែលចន្លោះប្រហោងលើ Android មានតម្លៃថ្លៃជាងនៅលើ iOS សម្រាប់ទីផ្សារឯកជន៕
