ប៉ុន្មាន Version ដំបូងៗនៃ iOS 13 សម្បូរទៅដោយបញ្ហាជាច្រើនធ្វើឲ្យអ្នកគាំទ្រឈឺក្បាល ដែល Apple ត្រូវបញ្ចេញការអាប់ដេតជាញឹកញាប់។ Bloomberg បានចុះផ្សាយថា Apple កំពុងតែផ្លាស់ប្ដូរវិធីអភិវឌ្ឍនូវប្រព័ន្ធប្រតិបត្តិការ ដើម្បីកុំឲ្យកើតមានរឿងដូចជា iOS 13 ជាថ្មីម្ដងទៀត ដោយការអភិវឌ្ឍន៍ iOS 14 ក្រុមហ៊ុន Apple បានប្រើប្រាស់វិធីសាស្ត្រថ្មីរួចទៅហើយ។
ចាប់ពី iOS 14 ទៅ មុខងារដែលក្រុមការងារ Apple នៅកំពុងសាកល្បងនៅឡើយ នឹងត្រូវបិទដំណើរការសិនសម្រាប់ iOS 14 ដែលបញ្ចេញឲ្យអ្នកប្រើប្រាស់ទូទៅប្រើ ហើយនឹងបើកឲ្យដំណើរការវិញនៅពេលសាកល្បងរួចរាល់។ ធ្វើបែបនេះអាចឲ្យ Apple គ្រប់គ្រងលើមុខងារកំពុងស្ថិតក្នុងការសាកល្បងបានល្អជាងមុន ហើយងាយស្រួលដកចេញនូវមុខងារដែលមិនអាចសម្រេចបាន។
Bloomberg និយាយថាវិស្វករ Apple ចាប់ផ្ដើមដឹងថា iOS 13 គឺត្រៀមមិនទាន់រួចរាល់នោះទេ មុនសន្និសីទ WWDC ដែលធ្វើឡើងជាប្រចាំនៅខែមិថុនា។ វិស្វករ Apple បានបោះបង់ចោលផែនការក្នុងការធ្វើឲ្យ iOS 13.0 ល្អឥតខ្ចោះ ហើយងាកមកផ្ដោតលើ iOS 13.1 វិញ៕