កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញ បានស្រោចស្រង់ យ៉ាងប្រផិតប្រផើយបំផុត អាយុជីវិតរបស់កិច្ចព្រមព្រៀង ស្តីពីការចែករំលែកព័ត៌មានសម្ងាត់ផ្នែកសន្តិសុខ ជាមួយ ប្រទេសជប៉ុន ។ នៅក្នុងបរិបទ នៃជម្លោះការទូត និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កូរ៉េខាងត្បូង កាលពីខែសីហាធ្លាប់បានប្រកាសថា នឹងមិនចុះហត្ថលេខា ពន្យារកិច្ចព្រមព្រៀង ស្តីពីការចែករំលែកព័ត៌មានសម្ងាត់ ជាមួយប្រទេសជប៉ុន ដែលត្រូវចប់សុពលភាព នៅយប់ថ្ងៃសុក្រទី ២២វិច្ឆិកា។
កិច្ចព្រមព្រៀងស្តីពីការចែករំលែកព័ត៌មានសម្ងាត់ផ្នែកសន្តិសុខ រវាងជប៉ុន និងកូរ៉េខាងត្បូង ត្រូវចប់ អស់សុពលភាព នៅយប់អាធ្រាត្រថ្ងៃសុក្រម្សិលមិញ។ រដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់ប្រកាស កាលពីខែសីហា កន្លងទៅ ពីការផ្អាកការចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធាជាមួយ ជប៉ុន។ ប៉ុន្តែ នៅថ្ងៃសុក្រ នៅ៦ម៉ោងមុន កាលកំណត់ ពោលគឺបន្ទាប់ពីការចរចាការទូត ជាច្រើនលើក កូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងបន្ត ចុះកិច្ចព្រមព្រៀង ជាមួយ ជប៉ុន ប៉ុន្តែ មានលក្ខខណ្ឌ។ តាមលោកKim You-geun មន្រ្តីរបស់វិមានប្រធានាធិបតី ទទួលបន្ទុកផ្នែកសន្តិសុខជាតិ កូរ៉េខាងត្បូង អាចផ្លាស់ប្តូរចិត្ត គ្រប់ពេលវេលាដើម្បីបិទបញ្ចប់កិច្ចព្រមព្រៀងស្តីពីការចែកចាយព័ត៌មានសម្ងាត់ផ្នែកយោធា ជាមួយប្រទេសជប៉ុន។
ជាសម្ព័ន្ធមិត្តសំខាន់ពីររបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ស្តីពីសន្តិសុខ នៅឆ្នាំ ២០១៦។ ទៅតាមកិច្ចព្រមព្រៀង ជប៉ុន និងកូរ៉េខាងត្បូង ត្រូវចែករំលែកការណ៍សម្ងាត់ ឲ្យគ្នាទៅវិញ ទៅមក ជាពិសេសសមត្ថភាពអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។
ទំនាក់ទំនង កូរ៉េខាងត្បូង និងជប៉ុនបានចាប់ល្អក់កករ នឹងគ្នា កាន់តែខ្លាំង ដោយសារ ជម្លោះប្រវត្តិសាស្រ្ត និងជម្លោះដណ្តើមគ្រប់គ្រងដីកោះ។ សម្ព័ន្ធមិត្តទាំងពីររបស់អាមេរិក ចាប់ដំឡើងសំឡេងដាក់គ្នា នៅបន្ទាប់ពីតុលាការកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំមុន បានចេញបញ្ជាឲ្យក្រុមហ៊ុនជប៉ុន២ បង់ថ្លៃសងជម្ងឺចិត្តដល់ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវទាហានជប៉ុនចាប់បង្ខំឲ្យធ្វើការ នៅក្នុងក្រុមហ៊ុនជប៉ុន ក្នុងសម័យសង្រ្គាមលោកលើកទី២។ ជប៉ុន ដែលចោទប្រកាន់ភាគីកូរ៉េខាងត្បូង ថា ចង់សើរើប្រវត្តិសាស្រ្ត និងចាត់ចែងបញ្ហាមិនបានល្អ បានសម្រេចដកប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជីប្រទេសដៃគូពាណិជ្ជកម្ម។ ជាការសងសឹកវិញ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាស នៅខែសីហា ផ្អាក ការចែករំលែកព័ត៌មានសម្ងាត់ផ្នែកសន្តិសុខ ជាមួយទីក្រុងតូក្យូ។
ទាក់ទងនឹងកិច្ចព្រមព្រៀងស្តីពីការចែករំលែកព័ត៌មានសម្ងាត់ស្តីពីសន្តិសុខ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊្ហីនហ្សូ អាបេ បានថ្លែងប្រាប់អ្នកកាសែតថា រដ្ឋាភិបាលជប៉ុនសង្ឃឹមថា កូរ៉េខាងត្បូងសម្រេចចិត្តដោយផ្នែកទៅលើគោលដៅយុទ្ធសាស្រ្ត ព្រោះថា ការសហការរវាងបីប្រទេស កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក គឺជារឿងដ៏សំខាន់បំផុត ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។
កូរ៉េខាងត្បូងបន្ទន់ជំហរ ដោយសុខចិត្តបន្ត ចុះកិច្ចព្រមព្រៀង ស្តីពីការចែករំលែកព័ត៌មានសម្ងាត់ស្តីពីសន្តិសុខជាមួយប្រទេសជប៉ុន។ ការណ៍នេះនឹងជួយសម្រាលភាពតានតឹងរវាងប្រទេសទាំងពីរ ហើយនិងកង្វល់របស់សហរដ្ឋអាមេរិក ដែលបានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន ទាំងពីរ ចរចា សម្រុះសម្រួលគ្នាវិញ និងត្រូវដាក់ជម្លោះ ផ្ទាល់ខ្លួន ឲ្យដាច់ដោយឡែក ពីផលប្រយោជន៍សន្តិសុខរួម។
នៅក្នុងដំណើរទស្សនកិច្ចមួយជុំ នៅអាស៊ី រដ្ឋមន្រ្តីការពារអាមេរិកធ្លាប់បានព្រមានថា ការផ្តាច់ បញ្ចប់ កិច្ចព្រមព្រៀង ស្តីពីការចែករំលែក ព័ត៌មានសម្ងាត់ស្តីពីសន្តិសុខ រវាងកូរ៉េខាងត្បូង និងជប៉ុន នឹងហុចប្រយោជន៍ទៅឲ្យកូរ៉េខាងជើង ហើយនិងប្រទេសចិន៕
