ទីបំផុតក្រសួងពាណិជ្ជកម្មអាមេរិកអនុញ្ញាតឲ្យ Microsoft ផ្គត់ផ្គង់សេវាកម្មដល់ Huawei តទៅទៀត

0

ក្រសួងពាណិជ្ជកម្មអាមេរិកបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បន្តការផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រ (Software) លក្ខណៈ Mass-Market ឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei ក្រោយការដាក់ពាក្យស្នើសុំប៉ុន្មានខែកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Engadget នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមហ៊ុន Microsoft បានបង្ហើបប្រាប់ពីដំណឹងនេះដល់សារព័ត៌មាន Bloomberg ប៉ុន្តែមិនបានបញ្ជាក់ថា ពាក្យក្នុងលក្ខណៈ «Mass-Market» នោះគឺមានន័យយ៉ាងដូចម្តេចឲ្យប្រាកដឡើយ។ យ៉ាងណាមិញកម្មវិធីប្រព័ន្ធប្រតិបត្តិការ (OS) Windows និងកម្មវិធីសម្រាប់ការងាររដ្ឋបាលដូចជា Office ប្រហែលជាត្រូវរាប់បញ្ចូល។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំមួយទៀតគឺ Google ពុំទាន់ទទួលបានអាជ្ញាប័ណ្ណ ណាមួយពីរដ្ឋាភិបាលអាមេរិកនៅឡើយទេ។ ដោយសារតែបញ្ហានេះហើយ ក្រុមហ៊ុន Huawei ត្រូវបង្ខំលក់ស្មាតហ្វូនរបស់ខ្លួន ដោយពុំមានកម្មវិធីសំខាន់ៗរបស់ Google។

គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានកត់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមហេតុផលសន្តិសុខជាតិ ដោយសហរដ្ឋអាមេរិកបានចោទប្រកាន់ទាំងពុំមានភស្តុតាងថា Huawei អាចជួយស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន ខណៈក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here