ថ្មីៗនេះពាក្យបណ្តឹងមួយដែលប្តឹងផ្តល់ថាក្រុមហ៊ុនផលិតកម្មវិធី TikTok បានលួចទិន្នន័យអ្នកប្រើប្រាស់និងផ្ញើចេញទៅកាន់ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់តុលាការនៅរដ្ឋ California របស់សហរដ្ឋអាមេរិកហើយ។ នេះបើតាមសារព័ត៌មាន Business Insider បានចុះផ្សាយ។
យ៉ាងណាមិញរឿងរ៉ាវនេះពុំបានផ្តួចផ្តើមចេញពីរដ្ឋាភិបាលអាមេរិកទេ ផ្ទុយទៅវិញគឺកើតចេញពីយុវតីឈ្មោះ Misty Hong ដែលជានិស្សិតមួយរូបនៅរដ្ឋ California ដែលនាងបានបែកធ្លាយទិន្នន័យរបស់នាងដែលមាននៅក្នុងទូរសព្ទ ឆ្លងទៅដល់ប្រទេសចិនឯណោះ។
ដើមទងពីដំបូងឡើយគឺយុវតីឈ្មោះ Hong បាន Download កម្មវិធី TikTok នៅអំឡុងខែមិនាឬមេសា ឆ្នាំ ២០១៩ ដោយនាងបានប្រើប្រាស់កម្មវិធីនោះ តែពុំបានបង្កើតគណនី ហើយនាងបានថតវីដេអូមួយចំនួន តែមិនបានបង្ហោះទោលើ Online ឡើយ រហូតដល់ពេលមួយ Hong ស្រាប់តែរកឃើញថា TikTok បានលួចបង្កើតគណនីសម្រាប់នាងដោយខ្លួនឯងតាមរយៈការដាក់ Username ជាតួអក្សរ និង Password ជាលេខទូរសព្ទរបស់នាងផ្ទាល់។
ប្រភពពីយុវតីខាងលើបានសង្កត់ធ្ងន់ថា TikTok បានលួចយកវីដេអូដែលនាងបានថតតែមិនទាន់បង្ហោះ និងទិន្នន័យឯកជនឯទៀតដែលមានក្នុងទូរសព្ទបញ្ជូនចេញទៅប្រទេសចិន។
បញ្ជាក់ថាមកទល់ពេលនេះ ខាងក្រុមហ៊ុន TikTok មិនទាន់ធ្វើការឆ្លើយតបនៅឡើយ ស្របពេលដែលរដ្ឋាភិបាលអាមេរិកបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកជុំវិញរឿងរ៉ាវនេះ៕