នៅអំឡុងព្រឹកថ្ងៃទី ១ ធ្នូ កន្លងទៅនេះ គេប្រទះឃើញគេហទំព័រផ្លូវការនៃព្រឹត្តិការណ៍ SEA Games លើកទី ៣០ ដែលមានអាសយដ្ឋាន 2019seagames.com បានជួបបញ្ហា ដែលមិនអាចបើកមើលឃើញមាតិការូបភាពអ្វីទាំងអស់ ហើយជំនួសមកវិញត្រឹមកូដ Error ប៉ុន្មានបន្ទាត់។ត្បិតបញ្ហាបានដោះស្រាយហើយរួចរាល់ក្តី ប៉ុន្តែបើតាមអ្នកជំនាញនៅក្រុមហ៊ុនបច្ចេកវិទ្យារបស់វៀតណាមមួយរូបគឺលោក Nugyen Tuan Cuong បានបង្ហើបឲ្យដឹងថាគេហទំព័រផ្លូវការមួយនោះ គឺប្រើប្រាស់ WordPress បែបនេះបញ្ហារមែងតែនឹងកើតឡើងអ៊ីចឹងហើយ។
លោកCuong មានប្រសាសន៍ថា៖ “អ្នករៀបចំព្រឹត្តិការណ៍ SEA Games បានប្រើប្រាស់ WordPress (វេទិកា Blogging ឥតគិតថ្លៃ) ជាមួយនឹង Plugin ផ្សេងៗទៀតក្នុងការដំណើរការ Website នោះ ពោលគឺពួកគេពុំបានសរសេរកូដដោយខ្លួនឯងទេ បែបនេះហើយបញ្ហាវារមែងតែកើតមានជារឿងធម្មតា”។
រំឭកថាព្រឹត្តិការណ៍កីឡា SEA Games ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី ៣០ វិច្ឆិកា និងបញ្ចប់ទៅវិញត្រឹមថ្ងៃទី ១១ ធ្នូ។ ប៉ុន្តែការរិះគន់ទៅលើចំណាត់ការនៃការរៀបចំ ជាពិសេសការទទួលស្វាគមន៍អត្តពលិកផ្នែកកីឡាបាល់ទាត់បុរស គឺហ្វីលីពីនបានរងមតិប្រតិកម្មយ៉ាងចាស់ដៃនាពេលកន្លងមក៕