កាលពីថ្ងៃព្រហស្បតិ៍ លោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ទើបតែងតាំងថ្មី បានអំពាវនាវឱ្យពង្រឹងតួនាទីរបស់ទីភ្នាក់ងារប្រឆាំងភេរវកម្ម នៅក្នុងការការពាររដ្ឋ។
ស្ថិតនៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថ្មីរូបនេះ ទៅកាន់ទីស្នាក់ការកណ្តាលនៃសេវាប្រឆាំងភេរវកម្ម (CST) លោក Al-Kadhimi បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ក្នុងការធ្វើការប្រឆាំងនឹងអំពើភេរវកម្ម និងការគំរាមកំហែងដែលបង្កឡើងដោយក្រុម ISIS ។
លោក AL-Kadhimi បានសង្កត់ធ្ងន់ពីសារសំខាន់នៃការអភិរក្ស និងការពាររដ្ឋប្រឆាំងនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយក្រុមភេរវករ ISIS នៅក្នុងឱកាសជួបជាមួយប្រធានទីភ្នាក់ងារប្រឆាំងភេរវកម្ម ឧត្តមសេនីយឯក Abdel Wahab Al-Saadi និងមេបញ្ជាការ ព្រមទាំងមន្ត្រីមួយចំនួនទៀត។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៏នេះ លោក AL-Kadhimi បានសម្រេចចិត្តតែងតាំងលោកឧត្តមសេនីយ៍ឯក Abdel-Wahab Al-Saadi ជាប្រធានសេវាប្រឆាំងភេរវកម្មផងដែរ៕
ប្រភព thebaghdadpost ចុះផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០