ទីក្រុងប៉េកាំងនិយាយកាលពីថ្ងៃសុក្រថាខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេសនៅក្នុងទីក្រុងហុងកុងហើយគ្មានប្រទេសណាមួយដែលអនុញ្ញាតឱ្យក្រុមបំបែកខ្លួនបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ខ្លួនបានឡើយ។
ទីក្រុងប៉េកាំងគ្រោងនឹងដាក់ចេញច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុងដោយក្រុមសកម្មជននិយាយថាបទបញ្ញត្តិថ្មីនេះអាចបំផ្លាញសេរីភាពនៅក្នុងទីក្រុងនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ក៏បានលើកឡើងដែរថាទីក្រុងប៉េកាំងស្វែងរកកិច្ចសហប្រតិបត្តិការនិងការសន្ទនាគ្នាជាមួយក្រុងវ៉ាស៊ីនតោនប៉ុន្តែនឹងប្រឆាំងតបវិញប្រសិនបើសហរដ្ឋអាមេរិកព្យាយាមគាបសង្កត់ចិននោះ។
សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ និងប្រជាធិបតេយ្យអាមេរិកនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេនឹងណែនាំច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីចិន “ពីបទរំលោភលើឯករាជ្យភាពរបស់ហុងកុង” បន្ទាប់ពីទីក្រុងប៉េកាំងបានផ្លាស់ប្តូរច្បាប់សន្តិសុខថ្មីលើអតីតអាណានិគមអង់គ្លេស។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាច្បាប់ដែលត្រូវបានណែនាំដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Pat Toomey និងលោក Chris Van Hollen សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យក៏នឹងដាក់ទណ្ឌកម្មបន្ទាប់ទៅលើលើធនាគារជាច្រើនដែលធ្វើអាជីវកម្មជាមួយអង្គភាពដែលរកឃើញថារំលោភលើច្បាប់ដែលធានានូវស្វ័យភាពរបស់ហុងកុង៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០









