អង្គការសហប្រជាជាតិនិយាយថាអង្គការផ្តល់ជំនួយកំពុងធ្វើការអំពាវនាវជាបន្ទាន់សម្រាប់ការផ្តល់មូលនិធិដើម្បីបង្កើនប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសយេម៉ែនដែលកំពុងហែកហួរដោយសង្គ្រាមនេះ។
កម្មវិធីរបស់អង្គការសហប្រជាជាតិប្រមាណជា ៧៥ ភាគរយនៅយេម៉ែនត្រូវបិទទ្វារ ឬកាត់បន្ថយប្រតិបត្តិការ។ កម្មវិធីស្បៀងអាហារពិភពលោកត្រូវកាត់បន្ថយចំនួនពាក់កណ្តាលហើយសេវាសុខភាពដែលឧបត្ថម្ភថវិកាដោយអង្គការសហប្រជាជាតិត្រូវបានកាត់បន្ថយនៅក្នុងចំនួន ១៨៩ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦៩ ទូទាំងប្រទេស។
ថវិកាដែលកំពុងធ្លាក់ចុះនេះបណ្តាលមកពីកត្តាជាច្រើនរួមទាំងការស្ទះដោយក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយេម៉ែន។ ពួកគេគ្រប់គ្រងរដ្ឋធានីសាណា និងទឹកដីផ្សេងទៀត។ សហរដ្ឋអាមេរិកដែលជាប្រទេសផ្តល់ជំនួយធំជាងគេបានបន្ថយជំនួយរបស់ខ្លួនដល់ប្រទេសយេម៉ែនកាលពីដើមឆ្នាំនេះដោយសំអាងលើការជ្រៀតជ្រែកពីសំណាក់ក្រុមហ៊ូទីនេះ។ របាយការណ៍ក៏បានចង្អុលបង្ហាញថាវីរុសកូរ៉ូណាកំពុងរីករាលដាលក្នុងអត្រាប្រកាសអាសន្ននៅទូទាំងប្រទេសផងដែរ។
វាមិនច្បាស់ទេថាតើក្រុមហ៊ូទីនឹងអនុញ្ញាតឱ្យមានការត្រួតពិនិត្យ ឬផ្តល់ឱ្យទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនូវកន្លែងប្រតិបត្តិការនោះ។ សន្និសីទរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសយេម៉ែននៅថ្ងៃអង្គារនេះគ្រោងស្វែងរកថវិកាចំនួន ២,៤១ ពាន់លានដុល្លារអាមេរិកដើម្បីគ្របដណ្តប់លើសកម្មភាពសំខាន់ៗចាប់ពីខែមិថុនាដល់ខែធ្នូខាងមុខនេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០