បរទេស៖ពិធីបុណ្យសពរបស់បុរសអាមេរិកាំងស្បែកខ្មៅលោក ជច៍ ផ្លយ (George Floyd) ដែលអញ្ចើញឱ្យមានការចូលរួមជាសារធារណៈ នឹងប្រព្រឹត្តទៅក្នុងទីក្រុង Houston រដ្ឋតិចសាស់(Texas) លើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី០៨ ខែមិថុនាសប្តាហ៍ក្រោយ ហើយសាកសពនឹងត្រូវបញ្ចុះនៅថ្ងៃអង្គារនៅទីបញ្ចុះសព Houston Memorial Gardens Cemetery។ នេះបើយោងតាមប្រភពព័ត៌មានពីមណ្ឌលផ្តល់សេវារៀបចំបុណ្យសព Fort Bend Memorial ផុសនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួន។
គួររំលឹកផងដែរថា ប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសអាមេរិកាំងស្បែកខ្មៅរូបនេះ ដោយប្រើកម្លាំងជើងសង្កត់-ក រហូតបណ្តាលឱ្យស្លាប់ កាលពីថ្ងៃទី២៥ខែឧសភាសប្តាហ៍មុន ដោយសង្ស័យថា លោកបានប្រើក្រដាសប្រាក់ក្លែងក្លាយ។
នៅថ្ងៃទី ២៦ ខែឧសភា ប៉ូលិសទាំង៤នាក់ត្រូវបានបណ្តេញចេញពីការងារ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទឃាតកម្មមិនបានគ្រោងទុក។ ការស្លាប់របស់លោក ជច៍ ផ្លយ បានបង្កឲ្យផ្ទុះការប្រឆាំងតវ៉ាជាបន្តបន្ទាប់។
ស្ថានភាពបាតុកម្មបានប្រែប្រួលកាន់តែធ្ងន់ធ្ងរនាំឱ្យមានអំពើរហឹង្សាក្លាយជាកុបកម្មនៅក្នុងរដ្ឋ Minnesota ភាគខាងជើងសហរដ្ឋអាមេរិក។ អំឡុងពេលមានភាពចលាចលមានក្រុមអ្នកឆ្លៀតឱកាសនិយមមួយចំនួនបានលួចទំនិញចេញពីហាងលក់ដូរនានានៅលើដងផ្លូវក្បែរតំបន់តវ៉ា៕
ប្រែសម្រួលដោយ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០









