ការចោទប្រកាន់លើអតីតប៉ូលិសលោក Derek Chauvin នៅរដ្ឋ Minneapolis ឈានដល់ឃាតកម្មកំរិត ២ ហើយអតីតមន្ត្រីប៉ូលិសមានពាក់ព័ន្ធចំនួន៣រូបផ្សេងទៀត ជាប់ចោទពីបទជួយជ្រោមជ្រែង និងសមគំនិតក្នុងការស្លាប់បុរសអាមេរិកាំងស្បែកខ្មៅលោក ជច៍ ផ្លយ (George Floyd)។

ព្រឹត្តិការណ៍នានាដែលកើតឡើងក្រោយការស្លាប់របស់លោក George Floyd ៖
-យ៉ាងហោចណាស់មានមនុស្ស ៩៣០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក អំឡុងពេលមានការតវ៉ាជាបន្តបន្ទាប់
-ប្រធានាធិបតីអាមេរិកដូណាល់ត្រាំខឹងសម្បារលើមេដឹកនាំនិងអ្នកតវ៉ាដែលដើរចូលក្នុងព្រះវិហារប្រវត្តិសាស្ត្រមួយក្បែរសេតវិមាន និងឆ្លៀតឱកាសថតរូប ក្រោយពីប៉ូលិសបានប្រើប្រាស់ផ្សែងគីមី និងហ្គាសលើក្រុមអ្នកតវ៉ាដោយសន្តិវិធីដើម្បីបោសសម្អាតតំបន់នោះ។
-ការចោទប្រកាន់លើលោក Derek Chauvin ឈានដល់ករណីឃាតកម្មដោយអចេតនាកំរិតទី២ខណៈដែលមន្ត្រី៣នាក់ផ្សេងទៀតត្រូវជាប់ចោទពីបទជួយជ្រោមជ្រែង និងសមគំនិត។
-អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងមន្ត្រីប៉ូលិសត្រូវអាជ្ញាធរប្រើកំលាំងបង្ក្រាបយ៉ាងចាស់ដៃ។ អ្នកសារព័ត៌មានក៏ត្រូវបានប៉ូលិសកំណត់គោលដៅផងដែរ។ ចំណែកឯភាគីមន្ត្រីសមត្ថកិច្ចក៏មានរងរបួសផងដែរនៅក្នុងហេតុការណ៍តវ៉ា។
-វត្តមានរបស់កំលាំងឆ្មាំជាតិសហរដ្ឋអាមេរិកនៅតែមិនអាចទប់ទល់ជាប់លើដំណើររបស់ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងមួយចំនួន។ស្ថានភាពបាតុកម្មសន្តិវិធីបានប្រែប្រួលកាន់តែធ្ងន់ធ្ងរបណ្តាលឱ្យមានអំពើរហឹង្សាក្លាយជាកុបកម្មហើយអំឡុងពេលមានភាពចលាចលមានក្រុមអ្នកឆ្លៀតឱកាសនិយមមួយចំនួនបានលួចទំនិញចេញពីហាងលក់ដូរនានានៅលើដងផ្លូវក្បែរតំបន់តវ៉ា។ ទោះជាយ៉ាងណាការ តវ៉ានៅថ្ងៃពុធបានវិលមករកភាពសន្តិភាពភាគច្រើនក្រោយពីបម្រាមគោចរចូលជាធរមាន៕
គួររំលឹកផងដែរថា ការឃាត់ខ្លួនបុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្តាលឱ្យស្លាប់ធ្វើឡើងដោយកំលាំងនគរបាលចំនួនបួននាក់នៅថ្ងៃទី២៥ ខែឧសភាសប្តាហ៍មុនដោយសង្ស័យថា លោកបានប្រើក្រដាសប្រាក់ក្លែងក្លាយ។ នៅថ្ងៃទី ២៦ ខែឧសភា ប៉ូលិសទាំង៤នាក់ត្រូវបានបណ្តេញចេញពីការងារ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទឃាតកម្មមិនបានគ្រោងទុក។
ការស្លាប់របស់លោក ជច៍ ផ្លយ បានបង្កឲ្យផ្ទុះការប្រឆាំងតវ៉ាជាបន្តបន្ទាប់។ ស្ថានភាពបាតុកម្មបានប្រែប្រួលកាន់តែធ្ងន់ធ្ងរនាំឱ្យមានអំពើរហឹង្សាក្លាយជាកុបកម្មនៅក្នុងរដ្ឋ Minnesota ភាគខាងជើងសហរដ្ឋអាមេរិក។អំឡុងពេលមានភាពចលាចលមានក្រុមអ្នកឆ្លៀតឱកាសនិយមមួយចំនួនបានលួចទំនិញចេញពីហាងលក់ដូរនានានៅលើដងផ្លូវក្បែរតំបន់តវ៉ា៕
ប្រែសម្រួលប៉ោក លក្ខិណា
ប្រភពព័ត៌មាន Aljazeera ផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០









