បុគ្គលិកសន្តិសុខវ័យចំណាស់ម្នាក់ក្នុងសាលាបថមសិក្សា Wangfu Town Central នៅប្រទេសចិនបានចាក់បុគ្គលិកផ្សេងទៀត និងសិស្សសាលាបណ្តាលឱ្យមនុស្សចំនួន ៤០នាក់រងរបួស។
បុគ្គលិកសន្តិសុខលោក Li Xiaomin មានអាយុ ៥០ឆ្នាំនៅសាលាបថមសិក្សា Wangfu Town Central នៅក្នុងប្រទេសចិន បានចាក់បុគ្គលិកផ្សេងទៀត និងសិស្សសាលាបណ្តាលឱ្យមានអ្នករងរបួសចំនួន ៤០នាក់ ក្នុងនោះអ្នករងរបួសភាគច្រើនជាសិស្សសាលា។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ម៉ោង៨និង៣០នាទីព្រឹក (ម៉ោងក្នុងប្រទេសចិន)ក្នុងសាលាបថមសិក្សានៅទីក្រុង Wuzhou ក្នុងខេត្ត Guanxi ភាគខាងត្បូងប្រទេសចិន។
ក្រោយពេលកើតហេតុ សិស្ស និងបុគ្គលិករងរបួសចំនួន៤០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះមានសិស្សម្នាក់ នាយកសាលា និងសន្តិសុខម្នាក់ បានរងរបួសធ្ងន់ធ្ងរជាងគេ។
សាលារៀនបថមសិក្សា Wangfu Town Central មានទីតាំងស្ថិតនៅចម្ងាយតែ ១០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិសមួយប៉ុណ្ណោះ ដូច្នេះក្រោយពីបានដំណឹងនេះ ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាម។
លោក Li Xiaomin ត្រូវបានប៉ូលិសឃុំខ្លួន ហើយរហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីគោលបំណងរបស់លោក Li Xiaomin នោះទេ៕
បកប្រែដោយ៖ លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០









