បាតុកម្មសាមគ្គីប្រឆាំងនឹងការរើសអើងជាតិសាសន៍ត្រូវបានធ្វើឡើងនៅទូទាំងអឺរ៉ុបរួមទាំងនៅទីក្រុងឡុងដ៏។ នៅក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាមានមនុស្សចំនួនរាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក។
ពួកគេកំពុងធ្វើការទាមទារឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស។
គួររំលឹកផងដែរថា ទាក់ទងនឹងការបណ្តាលឱ្យមានការប្រឆាំងតវ៉ានៅទូរទាំងអឺរ៉ុបគឺដោយសារហេតុការណ៍មួយទាក់ទងទៅនឹងការឃាត់ខ្លួនបុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្តាលឱ្យស្លាប់ធ្វើឡើងដោយកំលាំងនគរបាលចំនួនបួននាក់នៅថ្ងៃទី២៥ ខែឧសភាសប្តាហ៍មុនដោយសង្ស័យថា លោកផ្លយបានប្រើក្រដាសប្រាក់ក្លែងក្លាយ។
នៅថ្ងៃទី២៦ ខែឧសភា ប៉ូលិសទាំង៤នាក់ត្រូវបានបណ្តេញចេញពីការងារ។ នៅថ្ងៃទី២៩ ខែឧសភា អតីតប៉ូលិសលោក Derek Chauvin ត្រូវបានចាប់ខ្លួនពីបទឃាតកម្មកំរិតទី៣ និងបទមនុស្សឃាតកំរិត២ ។
ទោះយ៉ាងណានៅថ្ងៃទី០៣ ខែមិថុនា អគ្គមេធាវីនៃរដ្ឋ Minnesota លោក Keith Ellison បានដាក់ការចោទប្រកាន់ប្រឆាំងនឹងលោក Chauvin មកករណីឃាតកម្មកំរិតទី២ ។ អតីតមន្ត្រីប៉ូលិសពាក់ព័ន្ធចំនួន៣រូបផ្សេងទៀតត្រូវបានចាប់ខ្លួន ដោយជាប់ចោទពីបទជួយជ្រោមជ្រែង និងបទឃាតកម្មកំរិត២ ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Aljazeera ផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០