ផ្ទុះ​ការប្រឆាំង​តវ៉ា​ក្រោយពី​កងកម្លាំង​ឥណ្ឌា​សម្លាប់​សមាជិក​ឧទ្ទាម​ចំនួន០៥នាក់

0

យ៉ាងហោចណាស់​មាន​សមា​ជិ​ក​ឧទ្ទាម​ចំនួន ៥នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​ឥណ្ឌា​នៅ​សង្កាត់ Shopian ក្នុង​តំបន់​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ឥណ្ឌា។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃអាទិត្យ​បង្កឱ្យមាន​ការតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ។

ភ្នាក់ងារ​សារព័ត៌មាន Associated Press បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​កងទ័ព​ឥណ្ឌា​លោក​វរសេនីយ៍ឯក Rajesh Kalia ថា​កងទ័ព និង​ប៉ូលិស​បាន​ឡោមព័ទ្ធ​ភូមិ​មួយ​នៅ​ភាគខាងត្បូង​នៃ​សង្កាត់ Shopian ក្រោយពី​ទទួលបាន​ដំណឹង​ថា ក្រុម​ឧទ្ទាម​មួយចំនួន​កំពុង​លាក់ខ្លួន​នៅ​ទីនោះ។

លោក Kalia និយាយថា មានការ​បាញ់កាំភ្លើង​តបត​គ្នា​នាំឱ្យមាន​ការសម្លាប់​សក​ម្ម​ប្រយុទ្ធ​ចំនួន០៥នាក់។ អ្នកស្រុក​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន AP ថា កំលាំង​ទ័ព​បាន​បំផ្លាញ​ផ្ទះមួយ​ដោយ​ប្រើ​គ្រឿងផ្ទុះ។ ការតវ៉ា និង​ការប៉ះទង្គិច​បានកើត​ឡើង​នៅពេលដែល​អ្នកស្រុក​ចំនួន​រាប់រយ​នាក់​បាន​ព្យាយាម​ហែ​ក្បួន​ទៅកាន់​ទីតាំង​កើត​ហែ​តុ។

ពុំមាន​របាយការណ៍​ពី​ការស្លាប់​និង​របួសភ្លាមៗទេ​នៅក្នុង​ការប៉ះទង្គិច​គ្នា​នេះ។ នៅក្នុង​ការស្រែក​លើក​ពាក្យស្លោក​ទាមទារ​ឱ្យមាន​ការបញ្ចប់​ការកាន់កាប់​ទឹកដី​កា​ស្មៀ​រ​របស់​ឥណ្ឌា  បាតុករ​ទាំងនោះ​បានគ​ប់​ដុំថ្ម​ទៅលើ​ប៉ូលិស និង​ទាហាន​ប៉ា​រ៉ា​ដែល​បាញ់​គ្រាប់កាំភ្លើង និង​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក។

ទាក់ទង​ទៅនឹង​ការប៉ះទង្គិច​គ្នា ប្រទេស​ឥណ្ឌា​បាន​បង្កើន​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ទូទាំង​តំបន់​កា​ស្មៀ​រ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ។ ប៉ូលិស​និយាយថា សមាជិក​ឧទ្ទាម​ចំនួន ៧៣នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​តំបន់​កា​ស្មៀ ហើយ​ភាគច្រើន​ពួកគេ​ជា​ជនជាតិ​ម៉ូ​ស្លី​ម។នៅ​ខែមេសា​សមាជិក​ឧទ្ទាម​ច្រើនជាង២០នាក់ និង​កងទ័ព​ឥណ្ឌា​ប្រហែល​ចំនួន១២ នាក់​ត្រូវបាន​សម្លាប់ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​ចាប់ពី​ខែសីហា​ឆ្នាំ២០១៩ នៅពេលដែល​ប្រទេស​ឥណ្ឌា​ដកហូត​ឋានៈ​ពាក់កណ្តាល​ស្វ័យភាព និង​និង​ដាក់​វិធាន​សហព័ន្ធ​ដោយផ្ទាល់។

គួ​រំលឹក​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ១៩៨៩មក ក្រុម​ឧទ្ទាម​កា​ស្មៀ​រ​បានធ្វើ​ការប្រយុទ្ធ​អស់​ជាច្រើន​ទសវត្ស​ដើម្បី​ឯករាជ្យភាព​ក្នុង​តំបន់ ឬ​ការចូល​រួមជាមួយ​កំលាំង​ប៉ា​គី​ស្ថាន។ ការប្រយុទ្ធ​នោះ​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ជិត​ចំនួន៧ម៉ឺន​នាក់ ដែល​ភាគច្រើន​ពួកគេ​ជា​ជន​ស៊ីវិល។

ប្រទេស​ឥណ្ឌា​ចោទ​លើ​ប្រទេស​ប៉ា​គី​ស្ថាន​ពីបទ​បំពាក់អាវុធ និង​បណ្តុះបណ្តាល​ក្រុម​ឧទ្ទាម​ប្រឆាំង​ឥណ្ឌា។ ប៉ា​គី​ស្ថាន​បដិសេធ​ការលើកឡើង​នេះ​ដោយ​និយាយថា ពួកគេ​ផ្តល់​តែ​ការគាំទ្រ​ខាង​សីលធម៌ និង​ការទូត​ដល់​ក្រុម​ឧទ្ទាម និង​ជន​ស៊ីវិល​កា​ស្មៀ​រី​ដែល​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ឥណ្ឌា។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Aljazeera ផ្សាយ​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here