ភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយនៅថ្ងៃចន្ទថា កិច្ចពិភាក្សាដើម្បីបញ្ចប់ជម្លោះដែលមានអាយុកាល១៨ឆ្នាំមកហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអាចនឹងចាប់ផ្តើមក្នុងខែនេះ។ ការលើកឡើងធ្វើនៅរយៈពេលមួយថ្ងៃបន្ទាប់ ក្រោយពីប្រេសិតពិសេសអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅរដ្ឋធានីអ៊ីស្លាម៉ាបាដ និងបានជួបមេដឹកនាំតាលីបង់នៅក្នុងប្រទេសកាតា។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក Suhail Shaheen បានសរសេរលើបណ្តាញសង្គមធ្វីតធ័រថា ប្រេសិតអាមេរិកលោក Zalmay Khalilzad បានធ្វើការពិភាក្សាអំពីការចាប់ផ្តើមនៃកិច្ចចរចារអន្តររវាងមេដឹកនាំប្រទេសអាហ្វហ្គានីស្ថានជាមួយនឹងមេដឹកនាំនយោបាយរបស់ក្រុមបះបោរក្នុងទីក្រុងដូហានៅថ្ងៃអាទិត្យ។ យោងតាមប្រភពស្ថានទូតអាមេរិកនៅទីក្រុងអ៊ីស្លាម៉ាបាដបានឱ្យដឹងថា លោក Khalilzad បានជួបជាមួយមេបញ្ជាការកងទ័ពនៃប្រទេសប៉ាគីស្ថាន។
គួររំលឹកផងដែរថា ទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដកកម្លាំងកងទ័ពជាមួយក្រុមតាលីបង់នៅខែកុម្ភៈ ប៉ុន្តែការប៉ុនប៉ងដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពរវាងក្រុមបះបោរ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវបានបញ្ចប់ ក្រោយពីមានអំពើហឹង្សាបានកើតឡើងនៅក្នុងខែមីនា និងខែមេសា៕
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០









