សមាជិក​ឧទ្ទាម​សារភាពថា ត្រូវបាន​ជ្រើសរើស​ដោយ​ភ្នាក់ងារ​ស៊ើបការណ៍​អង់គ្លេស​ដើម្បី​ធ្វើ​ចារកិច្ច​លើ​ទីតាំង​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី

0

ម៉ូ​ស្កូ៖ សមាជិក​របស់​អង្គការ​ភេរ​វករ (ISIS) លោក Mohammad Hussein Saud សារភាពថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​បានជ្រើសរើស​រូប​លោក​អោយ​ឃ្លាំមើល​និង​ថតរូប​នៅ​ទីតាំង​យោធា​ស៊ី​រី និង​រុស្ស៊ី​ក្នុងប្រទេស​ស៊ី​រី។

នៅក្នុង​ចម្លើយសារភាព​ចេញផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន TASS របស់​ប្រទេស​រុស្ស៊ី​បានឱ្យដឹងថា លោក Mohammad Hussein Saud ជា​សមាជិក​ភេរ​វករ​ក្នុង​ទីក្រុង Palmyra បានធ្វើការ​សារភាពថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​បានជ្រើសរើស​យក​រូបលោក​ឱ្យធ្វើ​ការ​ជា​ចារ​ជន​ក្រោយពី​លោក​បាន​សម្រេចចិត្ត​វិលត្រឡប់​ទៅ​ទីក្រុង Palmyra ក្នុងប្រទេស​ស៊ី​រ៉ី​វិញ។ ភ្នាក់ងារ​ស៊ើបការណ៍​អង់គ្លេស​បាន​ទាក់ទង​លោកតា​មរយៈ​អន្តរការី និង​ណែនាំ​ឱ្យ​លោក​ធ្វើជា​ចារ​ជន ហើយ​បានឱ្យ​លោក​ធ្វើដំណើរ​ត្រលប់​ទៅ​ទីក្រុង Palmyra ។

លោក Saud ត្រូវគេ​ប្រាប់ថា លោក​នឹង​ទទួលបាន​ប្រាក់ ទូរស័ព្ទ និង​របស់របរ​ផ្សេងទៀត​តាម​ដែល​លោក​ត្រូវការ ហើយ​ភារកិច្ច​របស់លោក​គឺ​ថតរូប​ទីតាំង​យោធា​ស៊ី​រី និង​រុស្ស៊ី និង​បញ្ជូន​រូបភាព​ទាំងនោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណិ​ត។ លោក​និយាយថា លោក​បាន​ជួប​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​នៅ​ព្រំដែន​រវាង​ប្រទេស​ស៊ី​រី និង​ហ្ស៊​កដា​នី ជា​តំបន់​កាន់កាប់​ដោយ​កងទ័ព​សហរដ្ឋអាមេរិក ក្រោយពី​លោក​បាន​ភៀសខ្លួន​ចេញពី​ទីក្រុង Palmyra ជា​កន្លែង​ដែល​លោក​ធ្វើ​ចលនា​ភេ​វរ​ករ។

លោក Saud បន្ថែមថា ភ្នាក់ងារ​ស៊ើបការណ៍​អង់គ្លេស​មានបំណង​ប្រមូលយក​ព័ត៌មាន​ពី​ទីតាំងសំខាន់ៗរបស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី និង​របៀប​ដែល​ពួកគេ​ធ្វើ​ប្រតប​ត្តិ​ការការពារ ដូច្នេះ​ពួកគេ​ទាំងនោះ​នឹង​អាច​ត្រូវ​បានកំណត់​គោលដៅ​នៅពេល​ក្រោយ។ លោក​បាន​លើក​បញ្ជាក់​បន្ថែមទៀតថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​ថែមទាំង​បានជ្រើសរើស​អតីត​ម​គ្គុ​ទេស​ទេសចរណ៍​ម្នាក់​ពី​ទីក្រុង​Palmyra ដែលមាន​សមត្ថភាព​និយាយបាន​ច្រើន​ភាសា​ដោយ​ចាត់​ឱ្យ​បុរស​រូបនោះ​ទទួលបន្ទុក​ដឹកនាំ​សមាជិក​ចារ​ជន​របស់​ប្រទេស​អង់គ្លេស៕

ប្រភពព័ត៌មាន SANA ផ្សាយ​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here