ប្រទេស​កាតា​ដាក់ចេញ​ផែនការមេ​ចំនួន៤ ដើម្បី​ដកចេញ​នូវ​ការ​រឹតត្បិត​ការឆ្លង​ជំងឺ​កូ​វីដ១៩

0

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកស្រី Lulwa Rashed al-Khater មានប្រសាសន៍ថា ប្រទេសកាតា​នឹង​ចាប់ផ្តើម​ដក​ការ​រឹតត្បិត​លើ​ករណី​មេរោគ​ឆ្លង​កូ​វីដ១៩ ចំនួន៤ ដំណាក់​កាលដែល​ដំណាក់កាល​ទី១នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៥ ខែមិថុនា។

លោកស្រី​ប្រាប់​អ្នកយកព័ត៌មាន​ថា ដំណាក់កាល​ទី២ នៃ​ការបន្ធូរបន្ថយ​ការបិទ​ដំណើរ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី០១ ខែកក្កដា លើក​ទី៣ នៅ​ថ្ងៃទី០១ ខែសីហា និង​លើក​ទី៤ នៅ​ថ្ងៃទី០១ ខែកញ្ញា។

លោកស្រី បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ថា ការបិទ​ដំណើរ​នឹង​អាច​ត្រូវ​បានដាក់​ឡើងវិញ ឬ​ដំណាក់កាល​ទាំងនោះ​នឹងត្រូវ​ពន្យារពេល​បើសិនជា​ចាំបាច់។ ដំណាក់កាល​ទី២ នឹង​អនុញ្ញាត​ឱ្យមាន​ការបើក​ភោជនីយដ្ឋាន​មួយចំនួន និង​ដំណាក់កាល​ទី៣នឹង​អនុញ្ញាត​ឱ្យមាន​ការបន្ត​ជើងហោះហើរ​ពី​បណ្តា​ប្រទេស​ដែលមាន​ហានិភ័យ​ឆ្លង​ជំងឺ​ទាប និង​ការបើក​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា​ឡើងវិញ​ជាមួយនឹង​ការកំណត់​លើ​វិសាលភាព​នៃ​ដំណើការ។ អាទិភាព​លើ​ជើងហោះហើរ​នឹងត្រូវ​ផ្តល់ជូន​អ្នក​កាន់​ទិដ្ឋាការ​ស្នាក់នៅ។

ភ្នាក់ងារ​ព័ត៌មាន​រាយការណ៍​ថា អ្នក​គ្រប់គ្នា​ដែល​ធ្វើដំណើរ​ចូល​ប្រទេស​កាតា​នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​ច​តា​ឡី​ស័ក​រយៈពេល២សប្តាហ៍​នៅក្នុង​សណ្ឋាគារ​ដែល​ត្រូវ​បានរៀបចំ​ជាពិសេស​ពួកគេ​នឹងត្រូវ​ធ្វើការ​ចំណាយ​ដោយផ្ទាល់​ខ្លួន។ ដំណាក់កាល​ទី៤នឹង​អនុញ្ញាតឱ្យ​វិហារ​អ៊ីស្លាម​ទាំងអស់​ចាប់ផ្តើម​ប្រតិបត្តិ​ការធម្មតា ហើយ​សម្រាប់​កាលវិភាគ​ហោះហើរ​នឹងត្រូវ​បាន​អនុញ្ញាតិ​ឱ្យមាន​ដំណើរការ​បន្ថែម។ ដំណាក់កាល​ទី៤ នឹង​រួមបញ្ចូល​ទាំង​ការដក​ដំណើរ​ការបិទ​លើ​ស្ថាប័ន​អប់រំ​ឱ្យបាន​ទាន់ពេលវេលា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី។

គួរ​រំលឹក​ផងដែរ​ថា នៅ​ចុងខែ​ធ្នូ ឆ្នាំ២០១៩ មន្ត្រី​ចិន​បាន​ជូនដំណឹង​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​សួត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ទីក្រុង​Wuhanស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ចិន។ ចាប់តាំងពី​ពេល​នោះមក​មាន​ករណី​ឆ្លង មេរោគ​ដែល​អង្គការ​សុខភាព​ពិភពលោក​កំណត់​ឈ្មោះថា​ជា​ជំងឺ​កូ​វីដ១៩ ត្រូវបាន​គេ​រាយការណ៍​ថា មាន​ករណី​ឆ្លង​នៅ​គ្រប់​តំបន់​នៅក្នុង​ពិភពលោក​ក្នុងនោះ​រួមមាន​ទាំង​នៅ​ប្រទេស​រុស្ស៊ី​ផងដែរ។

នៅពេល​បច្ចុប្បន្ននេះ មាន​មនុស្ស​ច្រើនជាង​ចំនួន៦,៩លាន​នាក់​នៅលើ​ពិភពលោក​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩ ។ សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ពី​ចំនួន​ឆ្លង​សរុប​ដែលជា​ចំនួន​ឆ្លង​ខ្ពស់បំផុត​មាន​ចំនួន១,៩២០,០៦១ ។ ប្រទេស​ប្រេ​ស៊ី​ល​បញ្ជាក់ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ចំនួន ៦៧២,៨៤៦ករណី ប្រទេស​រុស្ស៊ី​ចំនួន ៤៦៧,០៧៣ ករណី និង​ចក្រភព​អង់គ្លេស​ចំនួន២៨៦,២៩៤ករណី៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​RT ផ្សាយ​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here