ប្រធានការិយាល័យនយោបាយរបស់ចលនា Hamas លោក Ismail Haniyeh បានធ្វើការអំពាវនាវនៅថ្ងៃអង្គារឲ្យមានការរៀបចំកិច្ចប្រជុំកំពូលប្រទេសអារ៉ាប់និងអ៊ីស្លាមជាបន្ទាន់ដើម្បីប្រឈមមុខនឹងផែនការរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងការធ្វើទេសានុពន្ធន៍ (កាត់បញ្ចូល)ទឹកដីនៅតំបន់ West Bank ។
មន្ត្រីរបស់លោក Haniyeh នៅតំបន់ Gaza បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានតាមអ៊ីម៉ែលថា លោកបានផ្ញើលិខិតទៅកាន់ប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាមនៅតាម បណ្តាប្រទេសចំនួន៤០ ។
បើយោងតាមសេចក្តីថ្លែងការណ៍ដកស្រង់សម្តីរបស់លោក Haniyeh បានឱ្យដឹងថា វាមានភាពចាំបាច់នៅក្នុងការគាំទ្រដល់ជំហររបស់ប្រទេសប៉ាឡេស្ទីន ដែលបានច្រានចោលនូវគម្រោងលើការតាំងទីលំនៅនៅក្នុងតំបន់ West Bank និងការកាត់ក្តីលើទីក្រុង Jerusalem ។
លោកសង្កត់ធ្ងន់ថា នៅក្នុងសារលិខិតនោះមានការស្នើរឱ្យពួកគេត្រូវតែធ្វើសកម្មភាពជាបន្ទាន់តាមដែលអាចធ្វើទៅបានដើម្បីប្រឈមមុខនឹងគោលនយោបាយការបញ្ចូលទឹកដីរបស់ប្រទេសអ៊ីស្រាអែល ពីព្រោះវាជាគ្រោះថ្នាក់ពិតប្រាកដដល់បច្ចុប្បន្ន និងអនាគតរបស់ប្រទេសប៉ាឡេស្ទីនក៏ដូចជារដ្ឋអារ៉ាប់ និងរដ្ឋអ៊ីស្លាមផងដែរ។
លោក Haniyeh មានប្រសាសន៍ថា វាជារឿងដ៏សំខាន់ដើម្បីធានាដល់បណ្តាញនយោបាយ និងវិស័យការទូត ឱ្យទទួលបាននូវសុវត្ថិភាពដើម្បីការពារគម្រោងប្រទេសប៉ាឡេស្ទីន និងបង្កើតឱ្យមានជំហររឹងមាំ និងធ្វើការបង្រួបបង្រួមនៅក្នុងការបដិសេធមិនទទួលស្គាល់ និងមិនយល់ព្រមចំពោះផែនការបញ្ចូលទឹកដីខុសច្បាប់របស់ប្រទេសអ៊ីស្រាអែល។
លោកថែមទាំងបានចោទប្រកាន់លើប្រទេសអ៊ីស្រាអែលពីបទកេងប្រវ័ញ្ចលើភាពប្រក្រតីរបស់រដ្ឋអារ៉ាប់ និងអ៊ីស្លាមមួយចំនួន ដើម្បីអនុវត្តផែនការរបស់ខ្លួនលើទឹកដីដែលកាន់កាប់ដោយប្រទេសប៉ាឡេស្ទីន។
សូមរំលឹកផងដែរថា សង្គ្រាមលើកទី១ រវាងប្រទេសអ៊ីស្រាលអែល និងរដ្ឋអារ៉ាប់ដែលអ៊ីស្រាអែលបានហៅសង្គ្រាមនោះថា “សង្គ្រាមឯករាជ្យ” បានកើតឡើងកាលពីឆ្នាំ១៩៤៨ ។ ក្រោយពីធ្វើការប្រកាសបង្កើតរដ្ឋឯករាជ្យរួចមក កងទ័ពអារ៉ាប់ជាច្រើនបានធ្វើដំណើរមកពីបណ្តាប្រទេសអេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី និងអ៊ីរ៉ាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើនរបស់ប្រទេសប៉ាឡេស្ទីនបានរួបរួមព្រួតដៃគ្នាយ៉ាងពេញទំហឹងដើម្បីធ្វើការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលតែមួយប្រទេស។
បើទោះបីជាប្រទេសអ៊ីស្រាអែលតែម្នាក់ឯងត្រូវតទល់ជាមួយនឹងប្រទេសជាច្រើនក៏ដោយ ប្រទេសអ៊ីស្រាអែលមានកម្លាំងទ័ពខ្លាំងក្លាជាងទ័ពមកពីតាមបណ្តាប្រទេសទាំងនោះ។ ក្រោយពីមានការប្រយុទ្ធគ្នាអស់រយៈពេលច្រើនជាង៩ខែរួចមក កម្លាំងទ័ពមកពីបណ្តាប្រទេសអារ៉ាប់ក៏បានសុខចិត្តចុះចាញ់នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ីស្រាអែល និងបានធ្វើការយល់ព្រមចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៤៩ ។
កិច្ចព្រមព្រៀងនេះបានកំណត់យកនូវព្រំដែនបណ្តោះអាសន្នមួយ ដែលក្រោយមកត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាព្រំដែនស្របច្បាប់រវាងរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីន។ គេហៅខ្សែបន្ទាត់ព្រំដែននោះថា “បន្ទាត់បៃតង” (Green Line/Ligne verte) ដោយវាជាខ្សែរបន្ទាត់កាត់យកទឹកដីជាច្រើនដែលពីមុនអង្គការសហប្រជាជាតិធ្លាប់ធ្វើសេចក្តីសម្រេចថាទឹកដីនោះជារបស់រដ្ឋប៉ាឡេស្ទីន៕
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០