ស្ថានទូតចិនប្រចាំនៅប្រទេសលីប៊ីបាននិយាយនៅថ្ងៃពុធនេះថា ការដឹកជញ្ជូនជំនួយវេជ្ជសាស្ត្រចិននឹងទៅដល់ប្រទេសលីប៊ីក្នុងរយៈពេលពីរឬបីថ្ងៃទៀតដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ។
យោងតាមប្រភពព័ត៌មានពីស្ថានទូតបានឱ្យដឹងថា ជំនួយផ្នែកវេជ្ជសាស្ត្របានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Tunis-Carthage នៃប្រទេសទុយនីស៊ី ហើយរំពឹងថានឹងត្រូវដឹកទៅកាន់ប្រទេសលីប៊ីក្នុងរយៈពេលពីរឬបីថ្ងៃទៀត។
ស្ថានទូតនិយាយថា ជំនួយនេះរួមមានឧបករណ៍ធ្វើរោគវិនិច្ឆ័យរោគចំនួន ៨៣៤ដើម ឯកសណ្ឋានការពារវេជ្ជសាស្ត្រចំនួន ៥,០០០ឈុត របាំងការពារមុខវេជ្ជសាស្ត្រ (ម៉ាសពេទ្យ) N95 ចំនួន ១៥,០០០ និងរបាំងការពារមុខធម្មតាចំនួន ១០០,០០០ ស្រោមដៃចំនួន ៥០០០គូ និងស្រោមដៃពេទ្យ ៥,០០០ គូ។
យោងតាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ប្រទេសលីប៊ីបានឱ្យដឹងថា ចំនួនករណីឆ្លងដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអាហ្វ្រិកខាងជើងបានកើនឡើងដល់ចំនួន ៣៥៩ ករណីក្នុងនោះមាន៥៨នាក់បានជាសះស្បើយឡើងវិញ និង៥នាក់បានស្លាប់។
គួរបញ្ជាក់ផងដែរថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អាជ្ញាធរលីប៊ីបានបិទព្រំដែនរបស់ប្រទេសក៏ដូចជាបិទសាលារៀន និងវិហារអ៊ីស្លាម ធ្វើការហាមឃាត់លើការប្រមូលផ្តុំជាសាធារណៈ និងដាក់បំរាមគោចរ។ ករណីជំងឺកូវីដ១៩ ឆ្លងដំបូងបង្អស់នៅក្នុងប្រទេសលីប៊ីត្រូវបានគេរាយការណ៍នៅក្នុងខែមីនា ខណៈពេលដែលការស្លាប់លើកដំបូងត្រូវបានប្រកាសនៅក្នុងខែមេសា៕
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០









