មន្ត្រីរដ្ឋាភិបាលបាននិយាយថា ក្រុមសកម្មប្រយុទ្ធសង្ស័យថាជាសមាជិករបស់ក្រុមអាល់កៃដា (al-Qaida) ដែលមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បានបើកការបាញ់ប្រហារ និងសម្លាប់មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូប។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា នៅភាគខាងត្បូងនៃខេត្ត Abyan ។
ប្រភពព័ត៌មាននៅក្នុងតំបន់បាននិយាយប្រាប់ភ្នាក់ងារព័ត៌មាននៅក្នុងលក្ខខណ្ឌអនាមិកថា “ខ្មាន់កាំភ្លើងចំនួនពីរនាក់បានជិះម៉ូតូមួយគ្រឿងដើម្បីធ្វើការវាយប្រហារដោយប្រើកាំភ្លើង និងបានសម្លាប់មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់ដែលមានឈ្មោះថា លោក Nasr Salhi នៅក្នុងស្រុក Mudiyah នៃខេត្ត Abyan” ។
ប្រភពដដែលបានប្រាប់ឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានធ្វើការវាយឆ្មក់លើរថយន្តរបស់លោក Salhi ដោយបាញ់កាំភ្លើងជាច្រើនគ្រាប់ បណ្តាលឱ្យលោក Salhi ស្លាប់ភ្លាម។ លោកSalhi កំពុងបម្រើការជាមេបញ្ជាការកងកំលាំងសន្តិសុខ ដោយលោកត្រូវបានគេជ្រើសរើសនៅក្នុងស្រុក Mudiyah មុនពេលមានការធ្វើឃាតនេះកើតឡើង។
ប្រភពបន្តថា គេជឿថាខ្មាន់កាំភ្លើងជាសមាជិករបស់ក្រុមអាល់កៃដា ហើយពួកគេបានព្យាយាមរត់គេចខ្លួនក្រោយធ្វើការវាយប្រហាររួច។ សេចក្តីថ្លែងការណ៍របស់កងកម្លាំង សន្តិសុខភាគខាងត្បូងដែលត្រូវបានជ្រើសរើសថ្មី និងមានភាពស្មោះត្រង់ចំពោះក្រុមប្រឹក្សាបណ្តោះអាសន្នភាគខាងត្បូង (STC) បានបញ្ជាក់ថា លោក Salhi ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយ ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធអាល់កៃដា។
គួរបញ្ជាក់ផងដែរថា ក្រុមអាល់កៃដា((al-Qaida)ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែនក្នុងបណ្តាញឧបទ្វីបអារ៉ាប់ (AQAP) ដែលភាគច្រើនពួកគេធ្វើប្រតិបត្តិការវាយប្រហារនៅខេត្តភាគខាងកើត និងភាគខាងត្បូងប្រទេស ជាញឹកញាប់ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលមានលក្ខណៈលេចធ្លោជាច្រើនប្រឆាំងនឹងកម្លាំងសន្តិសុខនៅក្នុងប្រទេសយេម៉ែន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០









