ហុងកុង៖ ប៉ូលិសទីក្រុងហុងកុងនិយាយនៅថ្ងៃព្រហស្បតិ៍ថាចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បាតុករសរុបចំនួន៨,៩៨៦នាក់ត្រូវបានចាប់ខ្លួនពីបទបង្កភាពចលាចលក្នុងសង្គមនៅទីក្រុងហុងកុង។
ក្នុងចំណោមអ្នកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងនោះមានមនុស្សចំនួន២០៤នាក់បានបំពេញនីតិវិធីរបស់តុលាការ និងមនុស្សចំនួន១៦៦នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ឃុំខ្លួន ឬដាក់នៅក្រោមការតាមដានឬការពារ។ ប៉ូលិសធ្លាប់បានក្រើនរំលឹកដល់សាធារណជនថា រាល់សកម្មភាពខុសច្បាប់ដែលកើតឡើងនឹងត្រូវទទួលទោសកម្រិតព្រហ្មទណ្ឌ និងបានព្រមានប្រជាជនកុំអោយរំលោភបំពានច្បាប់។
នៅថ្ងៃអង្គារនេះ ក្រុមបាតុករខុសច្បាប់មួយចំនួនធំបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងហុងកុងដោយធ្វើការស្រែកយ៉ាងខ្លាំង និងនាំគ្នាបិទផ្លូវ។ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៥៣ នាក់ពីបទប្រមូលផ្តុំដោយខុសច្បាប់ និងចូលរួមជួបជុំដោយគ្មានការអនុញ្ញាត។
នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) លោកស្រី Carrie Lam មានប្រសាសន៍នៅអង្គារនេះថាទីក្រុងហុងកុងមិនអាចទ្រាំនឹងភាពវឹកវរបែបនេះបានទេប្រសិនបើឧប្បត្តិហេតុហិង្សា និងឧប្បត្តិហេតុផ្សេងៗទៀតប្រឆាំងនឹងអធិបតេយ្យភាព សន្តិសុខ ការអភិវឌ្ឍន៍ និងបូរណភាពទឹកដីរបស់ប្រទេសនេះនៅតែបន្តកើតមាន។ ប្រសិទ្ធភាពនៃការងាររបស់រដ្ឋាភិបាល HKSAR នឹងរងការចុះខ្សោយយ៉ាងខ្លាំង។
លោកស្រីបានបន្តឱ្យដឹងទៀតថា គ្រប់គ្នាគួរតែរៀនសូត្រពីបទពិសោធឆ្នាំមុន។ នេះគឺជាបំណងប្រាថ្នាទូទៅរបស់ប្រជាជនហុងកុងដើម្បីទទួលបានស្ថេរភាពនិងសន្តិភាព។
គួរបញ្ជាក់ផងដែរ លោក Frank Chan រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន និងទីលំនៅ HKSAR នៃតំបន់រដ្ឋបាលពិសេសហុងកុងបានមានប្រសាសន៍ថា ចាប់ពីខែមិថុនាឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២០ ភ្លើងសញ្ញាចរាចរណ៍ ផ្លូវដែក កាំមេរ៉ា CCTV ផ្លូវថ្មើរជើង ធុងសំរាម និងធុងសំរាមកែច្នៃឡើងវិញបានរងការខូចខាត និងតម្រូវឱ្យមានការជួសជុល និងមានថ្លៃដើមចំនួន៦៦,២៥លានដុល្លារហុងកុង (ប្រហែល៨,៥៤ លានដុល្លារសហរដ្ឋអាមរិក)(១ ដុល្លារអាមេរិក = ៧,៧៥ដុល្លារហុងកុង) ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០









