ជាញឹកញាប់គេសង្កេតឃើញថា នៅក្នុងប្រទេសស៊ីរ៉ីប្រឈមនឹងការផ្ទុះគ្រឿងផ្ទុះកែច្នៃដែលកើតនៅតាមបណ្តាខេត្ត សំខាន់។
ភ្នាក់ងារព័ត៌មានបានរាយការណ៍ឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ម្សិលមិញនេះ មានករណីផ្ទុះកើតឡើងសារជាថ្មីនៅលើដងផ្លូវពីទីក្រុង al-Harak និងក្រុង al-Soura នៅភាគខាងកើតទីក្រុង Daraa។ ហេតុការណ៍នោះបានបណ្តាលឱ្យមនុស្សចំនួន០៣នាក់រងរបួស និងបង្កឱ្យមានការខូចខាតដល់រថយន្តនៅនឹងកន្លែងកើតហេតុ។
គួររំលឹកផងដែរថា មុនហេតុការណ៍ផ្ទុះនៅលើដងផ្លូវ ទើបតែករណីផ្ទុះគ្រឿងផ្ទុះកែច្នៃមួយយ៉ាងពេញទំហឹងនៅក្នុងទីផ្សារដ៏មម៉ាញឹកមួយកន្លែងនៅក្នុងទីក្រុង al-Bab ដែលស្ថិតនៅភាគឥសាននៃទីក្រុង Aleppo នៃប្រទេសស៊ីរ៉ី។ ហេតុការណ៍នោះក៏បានបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស និងបង្កឱ្យមានការខូចខាតសម្ភារៈនៅក្នុងផ្សារនោះផងដែរ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មានSANA ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០









