មន្ត្រីយោធានិយាយនៅថ្ងៃអាទិត្យថាកងកម្លាំងទ័ពជាតិប្រទេសសូម៉ាលីបានសម្លាប់សមាជិករបស់ក្រុមសកម្មប្រយុទ្ធ al-Shabab នៅថ្ងៃសៅរ៍ ទី១៣ សប្តាហ៍មុន ចំនួន១៣នាក់នៅក្នុងប្រតិបត្តិការវាយលុកមួយនៅតំបន់ភាគខាងត្បូងនៃកោះ Lower Juba។
មេបញ្ជាការនៃអង្គភាព 43 របស់កងទ័ពជាតិសូម៉ាលី លោក Ali Mohamed ប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងទ័ពបានធ្វើការវាយលុកមួយក្រោយទទួលបានការគាំទ្រពីសាធារណជន។ លោក Mohamed មានប្រសាសន៍ថា៖
“ប្រតិបត្តិការនេះធ្វើឡើងនៅក្នុងទីប្រជុំជន Afmadow ហើយមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងទ័ព និងពួកសកម្មប្រយុទ្ធ ហើយកងកម្លាំងរបស់យើងបានវាយលុកទៅលើក្រុមជ្រុលនិយមដោយបានសម្លាប់សមាជិកពួកគេចំនួន១៣នាក់ក្នុងនោះមានមេដឹកនាំជាន់ខ្ពស់ចំនួន៣នាក់”
លោកបន្ថែមឱ្យដឹងថាកងកម្លាំងទ័ពដណ្តើមថែមទាំងបានអាវុធបានពីក្រុមសកម្មប្រយុទ្ធក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា។ លើសពីនេះ អ្នកស្រុកក៏បានអះអាងប្រាប់ភ្នាក់ងារព័ត៌មាន Xinhua ថា មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានកើតឡើងនៅក្នុងភូមិ Banka Jira ។
គួររំលឹកផងដែរថា នៅថ្ងៃទី០៧ ខែមិថុនា កងទ័ពសូម៉ាលីធ្លាប់បានសម្លាប់សាមជិករបស់ក្រុមសកម្មប្រយុទ្ធ al-Shabab ចំនួន៣៧នាក់នៅក្នុងការវាយលុកមួយផ្សេងទៀតនៅជាយទីក្រុង Hudur ក្នុងតំបន់ Bakol ដែលស្ថិតនៅភាពខាងត្បូងប្រទេស៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០