សាកសពចំនួន៨២នាក់ត្រូវបានរកឃើញក្រោយពីមានការវាយប្រហារចំនួន៤លើកនៅទីតាំងចំនួន៣ផ្សេងគ្នា ពីក្រុមសកម្មប្រយុទ្ធ Boko Haram ក្នុងរដ្ឋBornoនៅតំបន់ភាគឥសាន្តរបស់ប្រទេសនីហ្សេរីយ៉ា។
ទ័ពនីហ្សេរីយ៉ានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថា មានក្រុមសកម្មប្រយុទ្ធ Boko Haram ចំនួន ២០នាក់ត្រូវបានសម្លាប់ក្នុងអំឡងពេលការវាយប្រហារបស់ពួកគេនៅទីក្រុង Monguno ដែលជាទីតាំងមួយក្នុងចំណោមទីតាំងរងការវាយប្រហារចំនួន៤លើកនៅសប្តាហ៍មុន។
ប្រភពដដែលបន្ថែមថា ក្រុមសកម្មប្រយុទ្ធបានប៉ុនប៉ងវាយបំបែកទីក្រុងប៉ុន្តែកម្លាំងកងទ័ពបានរារាំង និងធ្វើឱ្យពួកគេរងរបួសធ្ងន់ធ្ងរ។ ក្រុមសកម្មប្រយុទ្ធមួយចំនួនត្រូវបានចាប់ខ្លួន ហើយឧបករណ៍របស់ពួកគេរួមមានទាំងរថយន្តដឹកកាំភ្លើងចំនួន៤គ្រឿងត្រូវបានកងម្លាំងទ័ពបំផ្លាញចោល។ ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពក្នុងស្រុកផ្សេងទៀតរួមទាំងអង្គភាពបុគ្គលិកមនុស្សធម៌បានបញ្ជាក់ថា មានទាហានចំនួន២០នាក់ត្រូវបានសម្លាប់ក្នុងពេលធ្វើប្រតិបត្តិការនៅទីក្រុង Monguno ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានអោយដឹងថា ទីក្រុង Gubio និង ទីក្រុង Nganzai ជាទីតាំងចំនួនពីរផ្សេងទៀត ដែលស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងក្លាពីក្រុមសកម្មប្រយុទ្ធ Boko Haram ដែលបណ្តាលឱ្យជនស៊ីវិលសរុបចំនួន៤២នាក់ស្លាប់នៅក្នុងថ្ងៃតែមួយ។
មេភូមិម្នាក់និយាយថា ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារយ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងដោយបាញ់សម្លាប់មនុស្សគ្រប់គ្នានៅនឹងកន្លែងហើយក្នុងនោះរួមមានទាំងស្ត្រី និងកុមារ និងមានការឆាបចេះដុតបំផ្លាញផ្ទះនៅក្នុងទីក្រុងNganzai ។
លោកមេភូមិមានប្រសាសន៍ថា៖ “យើងបានធ្វើពិធីបញ្ចុះសពដ៏ធំមួយសម្រាប់មនុស្សជាទីស្រឡាញ់របស់យើងដែលត្រូវបានសម្លាប់នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ។ នេះគឺជាភាពសោកសៅ។ ការបញ្ចុះសពដ៏ធំមួយទៀតធ្វើឡើងក្នុងទីក្រុង Gubio សម្រាប់ជនរងគ្រោះដែលត្រូវបានសម្លាប់ពីឃាតករដែលមិនចេះពិចារណាទាំងនោះ។ យើងពិតជាត្រូវការជំនួយផ្នែកសន្តិសុខ ” ។ ដោយឡែក យោងតាមប្រព័ត៌មានពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថានៅថ្ងៃទី០៩ ខែមិថុនាថា យ៉ាងហោចណាស់មានប្រជាជនចំនួន៨១នាក់ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធ Boko Haram នៅក្នុងភូមិមួយផ្សេងទៀតនៅក្នុងទីក្រុង Gubio។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០០៩ ក្រុមសកម្មប្រយុទ្ធ Boko Haram បានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមមួយនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ា ដោយបង្កើនការវាយប្រហាររបស់ខ្លួននៅតាមរដ្ឋនានានៅតំបន់ Lake Chad Basin។
យោងតាមប្រភពអង្គការសហប្រជាជាតិបានអោយដឹងថា ក្រុមនេះបានបង្កបញ្ហាប្រឈមដល់ផ្នែកសន្តិសុខ មនុស្សធម៌ និងអភិបាលកិច្ចយ៉ាងខ្លាំងនៅក្នុងតំបន់ Lake Chad Basin ក្នុងនោះរួមមានប្រទេសនីហ្សេរី ប្រទេសឆាដ កាមេរូន បេណាំង និងនីហ្សេ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០









