ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីថ្ងៃសុក្របានទទួលយកការលាលែងពីតំណែងរបស់លោក Kim Yeon-chul។ លោក Kim Yeon-chul បានស្នើសុំលាឈប់បន្ទាប់ពីកូរ៉េខាងជើងបានបំផ្លាញការិយាល័យទំនាក់ទំនងស្របពេលកំពុងបង្កើនសម្ពាធរបស់ខ្លួនប្រឆាំងនឹងទីក្រុងសេអ៊ូលចំពេលមានការចរចានុយក្លេអ៊ែរជាប់គាំងជាមួយសហរដ្ឋអាមេរិក។
លោក Kim ត្រូវបានតែងតាំងជារដ្ឋមន្ត្រីបង្រួបបង្រួមកាលពីខែមេសាឆ្នាំមុននេះ ខណៈកិច្ចពិភាក្សារវាងរដ្ឋបាល Trump និងក្រុងព្យុងយ៉ាងចាប់ផ្តើមធ្លាក់ចុះ។ទោះយ៉ាងណាក៏ដោយ លោកចាកចេញពីការងារដោយមិនមានការប្រជុំណាមួយជាមួយកូរ៉េខាងជើងទេ។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថាលោកចង់លាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះភាពតានតឹងរវាងគូប្រជែងនេះ។
នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ក្រុងព្យុងយ៉ាងបានកាត់ផ្តាច់ស្ទើរតែកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយខាងត្បូង។ កូរ៉េខាងជើងក៏បានសម្តែងការមិនសប្បាយចិត្តចំពោះការមិនមានឆន្ទៈរបស់ក្រុងសេអ៊ូលដើម្បីផ្តាច់ចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន និងចាប់ផ្តើមគម្រោងសេដ្ឋកិច្ចអន្តរកូរ៉េឡើងវិញដោយការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០









