ប៉ូលិសប្រឆាំងភេរវកម្មអង់គ្លេសបានបញ្ជាក់នៅថ្ងៃអាទិត្យថា ឧប្បត្តិហេតុចាក់ដោយប្រើកាំបិត កើតឡើងនៅយប់ថ្ងៃសៅរ៍នៅក្នុងឧទ្យានសារធារណៈ Forbury Gardens in Reading ភាគខាងត្បូងនៃប្រទេសអង់គ្លេស ត្រូវបានប្រកាសថាជាអំពើរភេរវកម្ម។ ប៉ូលិសនៅក្នុងតំបន់បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ត្រូវបានចាក់សម្លាប់នៅល្ងាចនោះ។
គួររំលឹកផងដែរថា បើយោងតាមការចុះផ្សាយរបស់គេហទំព័រ nytimes នៅយប់ថ្ងៃសៅរ៍ ទី២០ ខែមិថុនា សប្តាហ៍មុនបានឱ្យដឹងថា មានហេតុការណ៍ចាក់សម្លាប់មួយបានកើតឡើងនៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងឧទ្យានសារធារណៈ Forbury Gardens in Reading ជាកន្លែងដែលមានការធ្វើបាតុកម្មតវ៉ាលើករណីការស្លាប់របស់ជនជាតិអាមេរិកកាំងស្បែកខ្មៅនៅពេលរសៀល។ ក្រោយពេលកើតហេតុ ប៉ូលិសចាប់បានបុរសដែលជាជនសង្ស័យ ដែលមានអាយុ ២៥ម្នាក់នៅទីតាំងកើតហេតុ។
សាក្សីដែលបានឃើញហេតុការណ៍ដោយផ្ទាល់ភ្នែកលោក Lawrence មានអាយុ ២០ឆ្នាំ ដែលបានស្ថិតនៅទីតាំងកើតហេតុបានរៀបរាប់លើបណ្តាញសង្គម Twitter ថា ក្រោយពីមានការតវ៉ាលើករណីសម្លាប់បុរសជនជាតិអាមេរិកស្បែកខ្មៅ ដែលទើបតែកន្លងទៅបានរយៈពេលបីម៉ោង នៅបរិវេនឧទ្យាន Forbury Gardens in Reading មានមនុស្សជាច្រើនក្រុមមកអង្គុយជួបជុំផឹកស៊ីយ៉ាងសប្បាយ និងមានមនុស្សម្នាជាច្រើនដើរទៅមកឆ្លងកាត់ឧទ្យាននោះ។
ក្រោយមកទៀត នៅម៉ោងប្រមាណ៧ល្ងាច ក្រោយពីមានសម្លេងស្រែកយ៉ាងខ្លាំងមួយ តែគេស្តាប់មិនច្បាស់ថា មានន័យយ៉ាងណានោះទេ មានបុរសម្នាក់បានស្ទុះសំដៅទៅកាន់មនុស្សមួយក្រុមដែលអង្គុយជួបជុំ មានគ្នាចំនួន១០នាក់ ហើយបុរសនោះបានព្យាយាមចាក់ពួកគេ។ ក្រោយមកទៀត ជនសង្ស័យបានងាកទៅចាក់មនុស្សម្នាក់នៅក្នុងក្រុមផ្សេងទៀតចំត្រង់កញ្ចឹងកក្រោយ ដែលបណ្តាលឱ្យមនុស្សម្នានៅទីនោះ រួមទាំងរូបលោកផងដែរបានរត់គេចចេញពីឧទ្យាននោះ។ លោកបញ្ជាក់ឱ្យដឹងថា ភ្នែករបស់ជនសង្ស័យ ដូចជាមនុស្សដែលទើបតែបានប្រើប្រាស់គ្រឿងញៀនរួច៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០









