បុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវទាហានបាញ់សម្លាប់នៅថ្ងៃអង្គារ៍ ទី២៣ ម្សិលមិញនេះនៅចំណុចត្រួតពិនិត្យនៅភាគខាងត្បូងតំបន់ West Bank។
ប្រភពព័ត៌មានពីពេទ្យប៉ាឡេស្ទីននិយាយថា លោក Ahmad Erekat មានអាយុ ២៧ឆ្នាំត្រូវទាហានអ៊ីស្រាអែលបាញ់សម្លាប់ ក្រោយពីរថយន្តរបស់លោកបានក្រឡាប់នៅចំណុចត្រួតពិនិត្យដែលមានទីតាំងស្ថិតនៅចន្លោះទីក្រុង Jerusalem ខាងកើត និងខាងត្បូងនៃទីក្រុង Bethlehem។
យ៉ាងណាមិញ ប្រភពព័ត៌មានពីអ៊ីស្រាអែលបាននិយាយថា បុរសនោះប៉ុនប៉ងបង្កើនល្បឿនឆ្លងកាត់ទាហានអ៊ីស្រាអែលដែលឈរជើងនៅចំណុចត្រួតពិនិត្យ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់លោក Erekat បាននិយាយថា លោកបានវិលត្រឡប់ទៅផ្ទះរបស់លោកវិញនៅក្នុងភូមិ Abu Dis សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្អូនស្រីនៅយប់ថ្ងៃអង្គារ ក្រោយពីលោកបានទៅទទួលម្តាយ និងបងប្អូនពីភូមិ Bethlehem។ ក្រុមគ្រួសាររបស់លោកបានបន្ថែមទៀតថា លោក Erekat ថែមទាំងមានគម្រោងរៀបចំពិធីមង្គលការផ្ទាល់ខ្លួននៅរដូវក្តៅខាងមុខនេះផងដែរ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០









