គ្រាប់បែកក្នុងរថយន្តមួយបានផ្ទុះឡើងនៅរង្វង់មូល Tel Halif ជិតទីក្រុង Ras al-Ayn នៃប្រទេសស៊ីរី ដោយបានសម្លាប់ពលរដ្ឋស៊ីរីមួយចំនួន និងបណ្តាលឱ្យជនស៊ីវិលផ្សេងទៀតរងរបួស។
ប្រភពព័ត៌មាននៅក្នុងស្រុកបានប្រាប់អ្នកយកព័ត៌មានថា គ្រាប់បែកនៅក្នុងរថយន្តមួយបានផ្ទុះឡើងនៅមុខហាងលក់ទំនិញនៅរង្វង់មូល Tel Halif នៅជិតទីក្រុង Ras al-Ayn ដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងតួកគី និងក្រុមទាហានស៊ីឈ្នួល (ភេរវករ) របស់ពួកគេ។ ហេតុការណ៍នោះបណ្តាលឱ្យពលរដ្ឋស៊ីរីស្លាប់ និងរបួស ហើយថែមទាំងបណ្តាលឱ្យខូតខាតដល់សម្ភារៈជាច្រើននៅក្នុងតំបន់នោះ។
បន្ថែមលើសពីនេះ ប្រភពព័ត៌មានវាយតម្លៃថា ចំនួនជនរងគ្រោះនឹងអាចកើនឡើង ខណៈដែលតំបន់រងការវាយប្រហារនោះជាទីតាំងដែលមានប្រជាជនច្រើន និងស្ថិតនៅតំបន់ផ្សារក៏ដូចជាច្រកសម្រាប់រថយន្តដឹកជញ្ជូនធ្វើដំណើរទៅភាគខាងលិចនៃទីក្រុង Ras al-Ayn ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០









