មន្ត្រីយោធាម្នាក់បញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា កងទ័ពជាតិសូម៉ាលី (SNA) នៅថ្ងៃពុធ ទី២៤នេះបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ al-Shabab ចំនួន ៦នាក់ ក្នុងប្រតិបត្តិការមួយនៅជាយក្រុង Jamame និង Kismayo នៅតំបន់ភាគខាងត្បូងប្រទេសសូម៉ាលី។
មេបញ្ជាការកងពលធំលេខ ៥ នៃកងពលលេខ១៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោក Hassan Aden Iraqi បានប្រាប់អ្នកយកព័ត៌មានថា កងទ័ពបានធ្វើប្រតិបត្ដិការតាមផែនការ ដែលបណ្តាលឱ្យសមាជិកសកម្មប្រយុទ្ធរងគ្រោះធ្ងន់ធ្ងរ។
លោក Iraqi មានប្រសាសន៍ថា៖ “យើងដណ្តើមបានការគ្រប់គ្រងភូមិ Hawaljiri, Yaqbishar និង Bernasey ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ហើយកងកម្លាំងរបស់យើងបានសម្លាប់សកម្មប្រយុទ្ធ al-Shabab ចំនួន ៦នាក់នៅក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ព និងក្រុមសកម្មប្រយុទ្ធ។
លោកបន្ថែមថា កងកម្លាំងទ័ពនឹងពង្រឹងប្រតិបត្តិការនេះរហូតដល់អាចបណ្តេញក្រុមសកម្មប្រយុទ្ធចេញពីតំបន់នោះបានទាំងស្រុង។ អ្នកស្រុកនិយាយថា កងកម្លាំងប្រដាប់អាវុធបានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ al-Shabab នៅតាមភូមិនានានៅជាយទីក្រុង Kismayo និងទីក្រុង Jamame។
បន្ថែមលើសពីនេះ នៅក្នុងប្រតិបត្តិការដោយឡែកមួយទៀត នៅថ្ងៃទី១៧ ខែមិថុនា ខែមុននេះ ទាហានដែលគាំទ្រដោយកម្លាំង AMISOM បានសម្លាប់ក្រុមសកម្មប្រយុទ្ធ al-Shabab ចំនួន ៧នាក់នៅកណ្តាលក្រុង Hiran។
គួររំលឹកផងដែរថា កងកម្លាំងរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការប្រឆាំងជាមួយនឹងក្រុមជ្រុលនិយម al-Shabab នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសសូម៉ាលីនៅក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែក្រុមសកម្មប្រយុទ្ធនៅតែគ្រប់គ្រងតំបន់ដាច់ស្រយាលតាមរយៈការវាយឆ្មក់ និងដាំគ្រាប់មីន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០