លោកឧត្តមសេនីយ៍ Chakthip Chaijinda បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា អាវុធយោធាមួយចំនួនធំដែលបានរឹបអូសពីផ្ទះមួយកន្លែងនៅភាគខាងលិចខេត្ត Tak ដែលមានទីតាំងស្ថិតនៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ានោះមានជាប់ទាក់ទងទៅនឹងចលនានយោបាយរបស់ប្រទេសថៃ។
នៅថ្ងៃចន្ទ ទី២២ ខែមិថុនា នៅដើមសប្តាហ៍នេះ ក្រុមការងារសហការមកពីកងវរសេនាធំថ្មើរជើងលេខ ៤ និងប៉ូលិសល្បាតព្រំដែនបានរឹបអូសយកអាវុធយោធាមួយចំនួនធំរួមមានកាំភ្លើងវាយប្រហារប្រភេទ33 M16 និងប្រភេទ AK47 កាំភ្លើងធំ M79 កាំភ្លើងស្ពាយបង់ធម្មតា PK និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ដែលមានខ្នាតផ្សេងៗគ្នា និងបានចាប់ខ្លួនជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់នៅផ្ទះលាក់អាវុធដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងMae Sot ។
ផ្ទុយទៅវិញ លោកឧត្តមសេនីយ៍ Chakthip បានបដិសេធថា អាវុធសង្គ្រាមទាំងនោះអាចជារបស់ឈ្មួញឆ្លងដែនមួយចំនួន ដែលប្រហែលជាពួកគេមានគម្រោងលក់ទៅឱ្យក្រុមឧទ្ទាមជនជាតិភាគតិចមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកបន្តថា លោកទទួលបានព័ត៌មានដែលទាក់ទងទៅនឹងចលនានយោបាយសម្ងាត់នៅក្នុងការសាកសួរ និងព័ត៌មានលាក់អាវុធរបស់ពួកគេ។ ទោះយ៉ាងណាលោកបានបដិសេធសូមមិនបញ្ជាក់ ឬប្រាប់ឈ្មោះជនសង្ស័យ ដោយសារនៅមានការស៊ើបអង្កេតស៊ីជម្រៅ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០









