អ្នកឃ្លាំមើលសង្គ្រាមបានរាយការណ៍ថា មានការវាយប្រហារតាមអាកាសកំណត់គោលដៅលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរីនៅថ្ងៃអាទិត្យម្សិលមិញ។
ហេតុការណ៍នោះបានសម្លាប់មនុស្សចំនួន៩នាក់ ក្រោយពីទើបតែមានការវាយប្រហារស្រដៀងគ្នាកើតឡើងនៅលើតំបន់តែមួយនៅថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើទីតាំងរបស់កង កម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់នៅតំបន់វាលខ្សាច់ក្នុងទីក្រុង al-Bukamal នៅភាគខាងកើតខេត្ត Deir al-Zour។ ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដោយសារតែអ្នករងរបួសសុទ្ធតែមានស្ថានភាពធ្ងន់ធ្ងរ។
នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់បង្ហាញការប្រុង ប្រយ័ត្នខ្ពស់នៅទីក្រុង Deir al-Zour បន្ទាប់ពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលទើបតែវាយប្រហារលើទីតាំងរបស់ពួកគេនៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនាសប្តាហ៍មុននេះ។
ការប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃសៅរ៍បណ្តាលឱ្យមនុស្សចំនួន ៦នាក់ស្លាប់ដោយក្នុងនោះមានជនជាតិស៊ីរីចំនួន ៤នាក់។
សូមរំលឹកផងដែរថា នៅថ្ងៃទី២៣ ខែមិថុនា កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើទីតាំងយោធាដែលគាំទ្រអ៊ីរ៉ង់ជាច្រើនកន្លែងនៅទីក្រុង Deir al-Zour ដោយបានបំផ្លាញទីតាំងយោធាមួយកន្លែង និងសម្លាប់អ្នកប្រយុទ្ធចំនួន ៥នាក់។
កងកម្លាំងអ៊ីរ៉ង់ និងយុទ្ធជនគាំទ្រអ៊ីរ៉ង់ភាគច្រើនស្ថិតនៅទីក្រុង Deir al-Zour ក្បែរព្រំដែនអ៊ីរ៉ាក់។ ក្រុមអ្នកប្រយុទ្ធទាំងនោះបានជួយដល់កម្លាំងរដ្ឋាភិបាលស៊ីរីក្នុងការដណ្តើមការកាន់កាប់តំបន់ជាច្រើននៅទីក្រុង Deir al-Zour និងនៅទីកន្លែងផ្សេងទៀតនៅភាគខាងជើងប្រទេសស៊ីរី។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០