ថ្មីៗនេះ មានការវាយប្រហារលើផ្សារភាគហ៊ុន (Stock Exchange) ប៉ាគីស្ថាននៅទីក្រុង Karachi។ ក្រោយមក អង្គភាពផ្តាច់ខ្លួន Baloch (BLA) ដែលត្រូវបានគេហាមឃាត់នៅក្នុងប្រទេសប៉ាគីស្ថានបានអះអាងពីការទទួលខុសត្រូវនៅលើទំព័រធ្វីតធ័ រ (Twitter) របស់អង្គភាពនោះនៅថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ការវាយប្រហារអនុវត្តដោយកងពលតូច Majeed [ក្រុមប្រយុទ្ធរបស់អង្គភាព (ប្រភព៖ TASS)]” ។ គួរកត់សម្គាល់ផងដែរថា ភ្លាមៗនោះ ក្រោយពីមានការបង្ហោះសេចក្តីថ្លែងការណ៍នោះរួច ទំព័ររបស់អង្គភាព BLA ត្រូវបានបិទពីបទរំលោភលើគោលការណ៍ណែនាំរបស់ក្រុមហ៊ុន Twitter ។
គួររំលឹកផងដែរថា សន្តិសុខចំនួនបួននាក់នៅផ្សារហ៊ុន Karachi Stock Exchange និងមន្ត្រីប៉ូលិសម្នាក់ ព្រមទាំងជនស៊ីវិលចំនួនពីរនាក់ បានរងគ្រោះ។ ក្រុមខ្មាន់កាំភ្លើងបួននាក់ដែលបានបើកការវាយប្រហារ ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់តទល់ជាមួយប៉ូលិស។
ទ័ពរំដោះ Baloch កើតមានតាំងពីឆ្នាំ២០០០ ហើយពួកគេបានអះអាងថា គោលដៅរបស់ពួកគេគឺបង្កើតរដ្ឋ Baloch ឯករាជ្យមួយនៅតាមព្រំដែននៃតំបន់ Balochistan ប្រវត្តិសាស្ត្រនៅលើឆ្នេរមហាសមុទ្រឥណ្ឌា ដែលបច្ចុប្បន្នតំបន់នោះត្រូវបានបែងចែកចេញជារដ្ឋចំនួន៣គឺអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០









