យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ២៣នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើផ្សារមួយកន្លែងទីនៅខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
ភាគីសង្គ្រាមបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារនេះ លើទីផ្សាលក់សាច់នៅក្នុងស្រុក Sangin ដែលមានអ្នកភូមិចំនួនរាប់រយនាក់មកពីស្រុកជិតខាងបានធ្វើដំណើរទៅទីនោះដើម្បីទិញសាច់ចៀម និងពពែ។
អ្នកនាំពាក្យរដ្ឋបាលខេត្ត Helmand បាននិយាយថា គ្រាប់រ៉ុក្កែតជាច្រើនដែលសកម្មប្រយុទ្ធតាលីបង់បាញ់បានធ្លាក់ចុះនៅជិតផ្សារលក់សាច់។ ហេតុការណ៍នោះសម្លាប់ជនស៊ីវិល ចំនួន២៣នាក់ ដោយក្នុងនោះមានទាំងកុមារផងដែរ។
ប្រភពសារព័ត៌មាន TOLOnews ដកស្រង់សម្តីរដ្ឋបាលខេត្តបានអោយដឹងថា ឧប្បត្តិហេតុនោះបានកើតឡើងនៅក្នុងតំបន់ Zol Bazar ហើយវាកើតឡើងក្រោយពីមានការផ្ទុះគ្រាប់បែករថយន្តរួច។ ក្រុមតាលីបង់បានស្តីបន្ទោសលើមន្ត្រីរដ្ឋាភិបាលថា ជាអ្នកសម្លាប់ជនស៊ីវិល។
គួររំលឹកផងដែរថា នៅថ្ងៃអាទិត្យ គ្រាប់បែកនៅតាមដងផ្លូវមួយក្នុងស្រុក Washer នៅក្នុងខេត្តដដែល (Helmand) បានផ្ទុះឡើង និងបណ្តាលឱ្យជនស៊ីវិលចំនួន៦នាក់ស្លាប់។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការស្លាប់ និងរបួសរបស់ស៊ីវិលចំនួន ២០៨នាក់នៅខែមេសា និងអះអាងថាបានសម្លាប់កម្លាំងរដ្ឋាភិបាលចំនួន១៧២នាក់។
អង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីសង្គ្រាមទាំងអស់បញ្ឈប់ការប្រយុទ្ធ និងចាប់ផ្តើមធ្វើកិច្ចចរចាសន្តិភាពរវាងប្រទេសអាហ្វហ្គានីស្ថាន ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលធ្លាប់បានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់នៅខែកុម្ភៈ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Aljazeera ផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០